អាជ្ញាធរខេត្តបាននាំយកទេយ្យទានគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន២ វត្តធម្មមេត្តាករុណា និងវត្តព្រះព្រហ្មរ័ត្ន ក្នុងសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ

សៀមរាប៖ ប្រជាពលរដ្ឋតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា បុណ្យកាន់បិណ្ឌ តាំងពីបូរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុងរបបលោក ប៉ុល ពត ( ១៧ មេសា ១៩៧៥ – ៧ មករា ១៩៧៩ ) ប៉ុណ្ណោះ។

បើតាមទំនៀមទម្លាប់ខ្មែរ គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន ១៥ ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោចខែភទ្របទ ហើយ ពីថ្ងៃ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ រីឯថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះ អ្នកស្រុកតែងតែមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា ពិធីបុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែឯណោះ គឺស្របពេលនឹងរដូវចូលវស្សាដែរ តែក្រោយមក ដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេចធ្វើត្រឹម ១៥ ថ្ងៃនេះវិញ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យ ២លានរៀល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន២ វត្តពុទ្ធស្ថាននគររាជធម្មមេត្តា (ហៅវត្តធម្មមេត្តាករុណា) និងវត្តព្រះព្រហ្មរ័ត្ន ក្នុងសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌុ។ ពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងញាតិញោមពុទ្ធបរិស័ទជាច្រើននាក់ផងដែរ ។

ព្រះគ្រូធម្មកវីរង្សី នង មាណវោ ព្រះរាជាគណ:ថ្នាក់ត្រី ព្រះមេគណខេត្តគណ:ធម្មយុត្តិមហានិកាយ និងជាព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាថា មុនថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ គឺថ្ងៃ១៤រោចនៅតាមផ្ទះនីមួយៗ គេនិយមធ្វើនំអន្សម នំគម និងម្ហូបអាហារ ចង្ហាន់វ័នជនសម្រាប់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង។ នៅពេលយប់នៃថ្ងៃនោះ នៅឯវត្តមានពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទៅហើយ មានការសូត្រធម៌ និងការសម្តែងធម្មទេសនារហូតដល់ភ្លឺថែមទៀត។ លុះស្អែកឡើង ថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ អ្នកខ្លះទៀតកាន់នំអន្សម នំគមនិងនំចំណីផ្សេងៗ ខ្លះទៀតកាន់ ចានស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃជាដើម។

ព្រះមេគណខេត្ត មានសង្ឃដីកាបន្តទៀតថា ក្រៅពីពិធីភ្ជុំបិណ្ឌដែលធ្វើនៅវត្ត ក៏មានពិធីសែនព្រេននៅតាមផ្ទះនៅវេលាព្រលប់នៃថ្ងៃបង្ហើយបុណ្យនោះផងដែរ។ នៅចំកណ្តាលផ្ទះល្វែង គេក្រាលកន្ទេល គេដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សរមកក្រាលពីលើខ្នើយនិងកន្ទេលនោះ រួចហើយពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី។ បន្ទាប់មក ក្រុមគ្រួសារទាំងអស់មកអង្គុយជុំវិញជារណ្តាប់ទាំងនោះ ហើយមេគ្រួសារអុជទៀនធូបអញ្ជើញវិញ្ញាណក្ខន្ធដូនតាមកពិសាក្រយ៉ានេះ ហើយសុំឲ្យជួយថែរក្សាកូនចៅ ដែលនៅរស់ឲ្យបានសុខសប្បាយជារៀងរហូត។ តាមការពិនិត្យពីស្ថានភាពជំនឿជាក់ស្តែង យើងឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមែនទាក់ទងតែនឹងសាសនាព្រះពុទ្ធ តែមួយនោះទេ គឺពិធីបុណ្យមួយនេះ មានជាប់ទាក់ទងនឹងសាសនាព្រហ្មមញ្ញ និងសាសនាជី (ជំនឿលើព្រលឹង) របស់ខ្មែរយើងដែរ ។ ព្រោះថាតាមធម៌ព្រះពុទ្ធ ចំពោះការឧទ្ទិសកុសលនានាទៅប្រេតបាន លុះត្រាតែទាយកទាយិកាដែលជាកូនចៅសាច់សាលោហិតរបស់ប្រេត លោកប្រគេនចង្ហាន់ទៅព្រះសង្ឃបន្ទាប់មកឲ្យព្រះសង្ឃលោកសូត្រមន្ត ឧទ្ទិសកុសល ទើបបាន ៕ ដោយ ស៊ាន សុផាត

ads banner