រដ្ឋលេខាធិការក្រសួងអប់រំយុវជន៖ វិស័យអប់រំសិក្សារបស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន លើការធ្វើកំណែទម្រង់នូវវិស័យអប់រំ របស់ខ្លួន
ខេត្តបាត់ដំបង៖ ថ្លែងក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងឆ្លងតាមរយៈនៃការវាយតម្លៃពីអង្គការសុខភាពពិភពលោក ពីធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍មួយចំនួនដែលបានជួយឧបត្ថម្ភគាំទ្រក្នុងវិស័យអប់រំសិក្សាធិការជាតិនៅកម្ពុជា បានធ្វើការវាយតម្លៃ និងបានឆ្លុះបញ្ចាំង បង្ហាញថា៖ ប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់លេខ៣ ស្ថិតក្នុងតំបន់អាស៊ាននូវក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ខណៈដែលប្រទេសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសថៃ ជាប់លេខ២ ។
ការថ្លែងរបស់ឯកឧត្តម ស សុខា បែបនេះ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារមត្តេយ្យសិក្សា”ស្តង់ដារអឺរ៉ុប”១ ខ្នងស្មើ ០២បន្ទប់ ដែលជាអំណោយសប្បុរសជននិងផ្លូវបេតុងចូលសាលាប្រវែងជិត ៤០០ម៉ែត្រ នៅសាលាបឋមសិក្សាជ្រៃ ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សីរបស់ ខេត្តបាត់ដំបង ។
ឯកឧត្តម ស សុខា បានថ្លែងទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែផ្ដោតនូវការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ជាពិសេស ទាំងលើការរៀន និងការបង្រៀន និងការផ្តល់ឱកាស លើកទឹកចិត្តជម្រុញដល់មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវនាំកូនរបស់ខ្លួន ឲ្យមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា កុំបីខកខាន ។
ជាមួយនិងសមិទ្ធផលថ្មីដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំក៏បានផ្តាំផ្ញើដល់នាយកសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សគ្រប់កម្រិតសិក្សានៅទីនេះ ត្រូវយកចិត្តទុកក្នុងការថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង់ប្រើប្រាស់បានយូរអង្វែងសម្រាប់តកូនចៅជំនាន់ក្រោយទៀត។បន្ថែមពីនេះផងដែរ ឯកឧត្តមក៏បានធ្វើការក្រើនរម្លឹកដល់ក្មួយៗកូនៗជាសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាទំពាំងស្នងឫស្សី ជាធនធានដ៏សំខាន់ និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ ហើយមាតា បិតា និងអាណាព្យាបាលក៏ត្រូវមើលថែចេះតាមដានការសិក្សារបស់កូនៗនិងជម្រុញឲ្យកូនបានបន្តការសិក្សានូវកម្រិតឧត្តម ។
ឯកឧត្តម ស សុខា បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជាស្បៀងអាហារចែកជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវការលំបាកខ្វះខាតផ្នែកជីវភាពចំនួន ៥០០គ្រួសារ ដែលរស់នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សីផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )