គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ
ខេត្តសៀមរាប៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានចាត់ តាំងឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ ដឹកនាំប្រតិភូ អញ្ជើញចុះមកសាក សួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងកាន់សាសនា ព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាបរួចមក មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពល ខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និង អង្គភាពផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះបងប្អូនជាគ្រួសារជនពិការ ដែលបានលះបង់ប្តីសី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនជនពិការដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះ សម្ដេចតេជោ ,សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើងកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកា ចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងគ្រួសារ យោធិនពិការទាំង២៩០គ្រួសារ ក្នុងមួយគ្រួសារទទួល បាន ត្រីខ,មី, ស្ករស ,ទឹកដោះគោ និង ថវិកា ៣ម៉ឺនរៀល ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប