មនុស្សជាង២០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយក្នុង ប្រទេសនីហ្សេរីយ៉ា

នីហ្សេរីយ៉ា៖នៅប្រទេសនីហ្សេរីយ៉ា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ មួយ បង្កឡើងដោយរថយន្តក្រុង បុកជាមួយរថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យផ្ទុះឆេះ សម្លាប់មនុស្សអស់ជាង២០នាក់។ ហេតុការណ៍ នេះ កើតឡើងនៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងតំបន់ Ibarapa នៃរដ្ឋ Oyo។ បើតាមការអះអាងរបស់ក្រុមប៉ូលីស អ្នកបង្ក ហេតុគឺរថយន្តក្រុងដែលបើកបរហួសល្បឿនកំណត់ និងធ្វេស ប្រហែស មិនប្រុងប្រយ័ត្នក្នុងពេលបើកបរ។

មន្ដ្រីប៉ូលីសដដែលនិយាយថា នៅពេលដែលរថយន្តក្រុង បើកបរក្នុង ល្បឿនដ៏លឿន ហើយទៅបុកជាមួយរថយន្តមួយទៀត ហើយបាន បង្កការផ្ទុះឆេះបណ្ដាលឱ្យយអ្នកដំណើរយ៉ាងហោចណាស់២០នាក់ ឆេះស្លាប់ភ្លាមៗនៅនឹងកន្លែង។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅក្នុងតំបន់ Ibarapa នៃរដ្ឋ Oyo កាលពីថ្ងៃសុក្រ ទី៩ ខែកញ្ញា គឺជាគ្រោះថ្នាក់ ចរាចរណ៍ដែលធ្វើឱ្យមានអ្នកស្លាប់ច្រើនបំផុតមួយ នៅក្នុងប្រទេស អាហ្វ្រិកខាងលិច ដែលមានប្រជាជនសរុបចំនួន២១០លាននាក់ មួយនេះ។
ប្រធានស្រុក Ibarapa លោក Gbenga Obalowo «អ្នកស្លាប់ មានចំនួនសរុប២០នាក់។ សាកសពរបស់ពួកគេត្រូវ ភ្លើងឆេះ បំផ្លាញទាំងស្រុង។ ប៉ុន្តែជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលយើងសង្គ្រោះបានអ្នកដំណើរពីរនាក់ ដែលគ្រាន់តែរង ការរលាកធ្ងន់ធ្ងរ ប៉ុន្តែមិនប៉ះពាល់ដល់ជីវិតទេ។ ឥឡូវ អ្នកដំណើរទាំងពីរនាក់ បានបញ្ជូនទៅដល់មន្ទីរពេទ្យហើយ ហើយកំពុងតែទទួលការរក្សាព្យាបាលពីក្រុមគ្រូពេទ្យ។»

គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាញឹកញាប់ណាស់ នៅប្រទេស នីហ្សេរីយ៉ា ដែលជាប្រទេសមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនសូវល្អ ហើយការអនុវត្តច្បាប់ចរាចរណ៍ ក៏មិនទាន់មានលក្ខណៈត្រឹមត្រូវ ពេញលេញ និងទូលំទូលាយ។
កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍រថយន្តបី គ្រឿបុកគ្នាលើផ្លូវល្បឿនលឿន ក្នុងរដ្ឋ Kaduna ភាគពាយព្យ ប្រទេសនេះដែរដោយបានសម្លាប់មនុស្សអស់៣០នាក់។ កាលពីឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសនីហ្សេរីយ៉ា កើតឡើងចំនួនជាងមួយម៉ឺនករណី និងបានឆក់យកជីវិត មនុស្សប្រមាណប្រាំពាន់នាក់ និងបណ្ដាលឲ្យមនុស្សជាងបី ពាន់នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មការ សុវត្ថិភាពចរាចរណ៍នីហ្សេរីយ៉ា៕
ដោយ៖កែវ កិរិយា

ads banner