គំរោង វីឡា ជ្រេហ្គនលែន 598 បើកសម្ពោធជាផ្លូវការ ក្នុងចក្ខុវិស័យបង្កើតបទពិសោធន៍នៃការរស់នៅដ៏ពិសេស

ភ្នំពេញ៖ ក្រុមហ៊ុន Dragonland Investment Co.Ltd. ដែលវិនិយោគគម្រោងដំបូង គឺ “គំរោង វីឡា ជ្រេហ្គនលែន 598” បានរៀបចំពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ជា សុផារ៉ា រាជធានីភ្នំពេញ។

ក្រុមហ៊ុន Dragonland Investment មានម្ចាស់ភាគហ៊ុនចំនួន ៣រូប រួមមានលោក ភូ សែ ពីង ប្រធានក្រុមហ៊ុន លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុន និងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។ ថ្លែងក្នុងពិធីនេះ លោក ភូ សែ ពីង ប្រធានក្រុមហ៊ុន Dragonland Investment មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដែលពួកយើងប្រារព្ធពិធីបើកសម្ពោធគម្រោង Dragon Land និងជាថ្ងៃសំគាល់ចំនុចសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពី “ការកំណត់ស្តង់ដារថ្មីក្នុងការរស់នៅបែបប្រណិត”។

លោកថា Dragon land នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបង្កើតវីឡាប្រណិតទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ លោកប្រធានបន្តថា គម្រោង Dragon land មានទំហំដីសរុបនៃ ៤០,៥៨៥ម៉ែត្រការ៉េក្នុងនោះរួមមានវីឡាប្រណិតចំនួន ៨១ ស៊បហោសចំនួន ២២។ យើងមានផ្ទៃដីមួយហិកតា នៃសួនច្បារ fountain square ជាមួយនឹងការបន្ថែម ៨,៩៤៤ម៉ែត្រការ៉េ នៃទេសភាពសហគមន៍ និងផ្លូវដើរថ្មើរជើងប្រវែងមួយគីឡូម៉ែត្រជុំវិញបុរី ហើយត្រូវបានសាងសង់សម្រាប់ សមាជិកនៃវរជន។

លោក ភូ សែ ពីង បន្ថែមថា គំនិតនៃការរស់នៅបែបប្រណិត មិនមែនសុទ្ធតែអាស្រ័យទៅលើការពេញចិត្ត និងសម្ភារៈនិយមមួយមុខនោះទេ ប៉ុន្តែក៏ជាបទពិសោធន៍នៃការរស់នៅ និងការរចនាដ៏ល្អបំផុតផងដែរ។ លោកថា Dragon Land ប្រើប្រាស់គំនិតរចនាស្ថាបត្យកម្មទំនើប និងអន្តរជាតិ ខណៈដែលគិតគូរយ៉ាងម៉ត់ចត់អំពីលក្ខណៈ និងវប្បធម៌នៃការរស់នៅរបស់ប្រទេសកម្ពុជា។

ប្រធានក្រុមហ៊ុនរូបនេះបានបញ្ជាក់ទៀតថា ចាប់ផ្តើមពីគំនិតនៃការរចនារហូតដល់ការបញ្ចប់ការសាងសង់ កត្តាបរិស្ថាននៃការរស់នៅទាំងអស់រួមមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបែបធម្មជាតិ ត្រូវបានគិតគូពិចារណាយ៉ាងយកចិត្តទុកដាក់។

ពីព្រោះគម្រោងនេះ ក៏មានទីតាំងមួយចំនួនដែលនៅជិតសម្រាប់ការធ្វើដំណើររបស់អតិថិជន ដោយមានចម្ងាយពីស្នងការនគរបាលចម្ងាយ ២១០មែត្រ ផ្សារទំនើបអ៊ីអន២ ចម្ងាយ ៣គីឡូម៉ែត្រ ផ្សារទំនើបម៉ាក្រូ និង ក្លូបលហៅស៍ ចម្ងាយ ៤គីឡូម៉ែត្រ ទីលានវាយកូនគោលហ្គេ្រនភ្នំពេញ ចម្ងាយ ៣.១គីឡូម៉ែត្រ ទីលានវាយកូនគោលហ្គាឌិនស៊ីតធី ចម្ងាយ ១៣គីឡូម៉ែត្រ ដែលកន្លែងទាំងអស់នេះមានភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងបុរី។ លោកបន្តថា វីឡានីមួយៗមានកម្ពស់ ៥ជាន់ មានអាងហែលទឹកផ្ទាល់ខ្លួន ជណ្តើរយន្តឯកជន ដំបូលផ្ទះធំទូលាយ និងភ្ជាប់ប្រព័ន្ធសូឡា ដែលអាចផ្គត់ផ្គង់អំពូលភ្លើង និងជណ្តើរយន្តជូនអតិថិជនបាន។

លោក ភូ សែ ពីង បានបន្ថែមទៀតថា ពួកយើងរំពឹងថា នឹងបញ្ចប់ការងារសាងសង់គម្រោង Dragon land 598 នៅចុងខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។ ទោះជាយ៉ាងនេះក្តី ក៏ពួកយើងមិនទាន់បញ្ចប់នៅត្រឹមនេះទេ គឺនៅពេលខាងមុខ ដីនេះយើងនឹងសាងសង់អគារខុនដូប្រណិតចំនួន ៤ និងអគារការិយាល័យចំនួន ២បន្ថែមទៀត។ ចំណែកលោក ឈុន ហេងឡេង នាយកក្រុមហ៊ុន Dragon land បានប្រាប់ភ្នាក់ងារយកព័ត៌មានរបស់ទូរទស្សន៍អប្សរាថា គម្រោងដែលមានទីតាំងនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនេះ បានចែកចេញជាពីរដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី១ មានផ្ទៃដី៤ហិកតា សាងសង់វីឡាចំនួន៨១ និងផ្ទះល្វែងចំនួន២២ល្វែងរួចមកហើយ។

ហើយជំហានបន្ទាប់នឹងត្រូវសាងសង់នៅតាមបណ្រោយផ្លូវ៥៩៨ គ្រោងនឹងចាប់ផ្តើមសាងសង់ផ្សារទំនើប អគាការិយាល័យកំពស់៣២ជាន់ និងខុនដូ៥អាគារទៀតដែលមានកំពស់២៨ជាន់។ លោក ឈុន ហេងឡេង បន្តថា មកទល់ពេលនេះសម្រាប់អតិថិជនដែលបានគាំទ្រ និងទិញផ្ទះវីឡាមានចំនួន២៦វីឡា និងផ្ទះល្វែងបាន៤ល្វែងហើយ។ លោកថា ចំណុចសំខាន់ដែលលោកចាប់អារម្មណ៍អភិវឌ្ឍន៍ក្នុងតំបន់នេះ ដោយមើលឃើញថា ទីតាំងនេះជាទីប្រជុំជនថ្មីដ៏មានសក្តានុពល ដែលមានប្រជាជនរស់នៅច្រើន ជាកន្លែងអភិវឌ្ឍន៍ មានផ្សាទំនើប មានក្រសួងស្ថាប័នរដ្ឋនានាជាច្រើនផងដែរ៕

ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner