ប្រទេសអាហ្វ្រិក ទាមទារឱ្យប្រទេសអភិវឌ្ឍន៍ផ្ដល់ជំនួយ ថវិកាអាកាសធាតុដូចពាក្យដែលបានសន្យា

អាហ្រ្វិក៖ប្រទេសនៅទ្វីបអាហ្វ្រិកជាង ២០ បានទាមទារឱ្យបណ្តា ប្រទេស អភិវឌ្ឍន៍ រក្សាពាក្យសម្ដីរបស់ខ្លួន ដែលបានសន្យាផ្ដល់ ជំនួយហិរញ្ញវត្ថុដល់ពួកគេ ដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងផល ប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ នៅអាហ្វ្រិកដែលជាទ្វីប បានរួមចំណែកតិចតួចលើការបញ្ចេញឧស្ម័នកាបូនិក។

ការទាមទារនេះ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដែលសម្រេច បានក្នុងកិច្ចប្រជុំ ស្ដីពីមូលនិធិអាកាសធាតុរយៈពេលបីថ្ងៃ នៅ រដ្ឋធានីគែរ របស់អេហ្ស៊ីប ជាមួយនឹងវត្តមានចូលរួមរបស់រដ្ឋមន្រ្តីនៃ ប្រទេសអាហ្រិ្វកចំនួន ២៤។ ជំនួបនេះ ធ្វើឡើងត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ មុនពេលដែលកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុរបស់ អង្គការសហប្រជាជាតិលើកទី ២៧ (COP27) នឹងប្រព្រឹត្តទៅ នៅក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប នាពាក់កណ្ដាល ខែវិច្ឆិកាខាងមុខ។

ក្រុមរដ្ឋមន្រ្តីនៃប្រទេសអាហ្រ្វិកទាំង ២៤ ថ្លែងរួមគ្នាថា៖ «យើង ជំរុញឱ្យ បណ្តាប្រទេសអភិវឌ្ឍន៍ ឱ្យធ្វើតាមការសន្យារបស់ពួកគេ ទាក់ទងនឹងរឿងអាកាសធាតុ និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍» ហើយផ្តល់ការប្តេជ្ញាចិត្តក្នុងសន្និសីទអាកាសធាតុ COP26 កាលពី ឆ្នាំមុនចំពោះការផ្ដល់ជំនួយហិរញ្ញវត្ថុទ្វេដងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសក្នុងទ្វីបអាហ្រ្វិកដើម្បីយកទៅប្រើប្រាស់ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
យោងទៅតាមអង្គការសហប្រជាជាតិ ទ្វីបអាហ្វ្រិករួមចំណែកត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ នៃការបញ្ចេញឧស្ម័នកាបូនិក ពីវិស័យ ឧស្សាហកម្ម របស់ពិភពលោក ប៉ុន្តែទ្វីបដែលសម្បូរដោយប្រទេស កំពុងអភិវឌ្ឍន៍មួយនេះ រងគ្រោះយ៉ាងដំណំពីផលប៉ះពាល់នៃ ការ ប្រែប្រួលអាកាសធាតុ ជាពិសេសទឹកជំនន់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
ក្រុមរដ្ឋមន្រ្តីដដែលអះអាងថា ជំនួយហិរញ្ញវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ មានភាពចាំបាច់ណាស់ ក្នុងការយកទៅប្រើប្រាស់លើផលប៉ះពាល់ ដែលគ្មានសមាមាត្រពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ក្រុមមន្រ្តីជំរុញថា ប្រទេសអភិវឌ្ឍន៍ត្រូវពង្រីកការសន្យារបស់ខ្លួន លើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយ ជៀសវាងការដាក់បន្ទុកប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យងាកចេញពីការ ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលភ្លាមៗ ព្រោះវាប៉ះពាល់ដល់ការអភិវឌ្ឍ ជាមូលដ្ឋាននៅទ្វីបអាហ្រ្វិក។

កន្លងមក សកម្មជនអាកាសធាតុបានទទូចឱ្យមានការជំនួស ទៅប្រើថាមពលកកើតឡើងវិញ ឬថាមពលស្អាតស្អំឱ្យបានលឿន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយការ ងាកចេញពីការប្រើប្រាស់ថាមពល ដែលបញ្ចេញឧស្ម័នកាបូនិកច្រើន ត្រូវគេកំណត់ថាជាចំណុចសំខាន់ក្នុងការជជែកចរចាគ្នានៅកិច្ចប្រជុំ COP27៕
ដោយ៖ហួន ឌីណា
ប្រភព៖ African nations demand climate change financing ahead of COP27

ads banner