ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ៣រូប មកទស្សនកិច្ចកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក

ភ្នំពេញ៖ ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ៣រូប បានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍ពីលោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក តូ រិទ្ធីយ៉ា នាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមទាំងមន្រ្តីជាច្រើនរូបទៀតផងដែរ។
លោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានមានប្រសាសន៍ថា ទស្សនកិច្ចសិក្សា ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ដែលដឹកនាំដោយលោកបណ្ឌិត TAKASH WAKU អគ្គនាយករងមជ្ឍមណ្ឌលកីឡាកម្រិតខ្ពស់ និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ រយៈពេល៣ថ្ងៃនេះ មកពិនិត្យមើលមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មានកម្មវិធីហ្វឹកហាត់អ្វីខ្លះ ហើយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីអោយកម្ពុជាអាចស្នើសុំខាងវិទ្យាស្ថានកីឡាកម្រិតខ្ពស់អាស៊ីជួយ ទៅលើការគ្រប់គ្រងកីឡាករ កីឡាការិនីជម្រើសរើសជាតិ,ផែនការយុទ្ធសាស្រ្តរបស់មជ្ឍមណ្ឌល ក្នុងការអភិវឌ្ឍសិទ្ធផល និងគុណផល ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។ លោកប្រធាន បន្តថា ក្រៅពីពិនិត្យមើលពីការគ្រប់គ្រងហាត់ហ្វឹកហ្វឺនអត្តពលិក និងផ្នែកបច្ចេកទេស ខាងប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី និងមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ជម្រុញអោយមានការផ្តល់អ្នកជំនាញ មកបើកវគ្គបណ្តុះបណ្តាលបន្ថែមផ្នែកវេជ្ជសាស្រ្តកីឡា និងវិទ្យាសាស្រ្តកីឡានៅកម្ពុជា ឬក៏បញ្ជូនមន្រ្តីទៅសិក្សានៅប្រទេសជប៉ុន ។
ដោយឡែកលោក តូ រិទ្ធីយ៉ា នាយករងវិទ្យាដ្ឋានជាតិអប់រំកាយ និងកីឡា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី នាពេលនេះ គឺមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការជួយជម្រុញឲ្យរៀបចំបង្កើតសកលវិទ្យាល័យជាតិអប់រំកាយ និងកីឡាជាលក្ខណស្តង់ដារអន្តរជាតិមួយ នៅក្នុងតំបន់អាស៊ាន សិក្សាលើថ្នាក់បរិញ្ញាបត្រ ជាពិសេសជួយជ្រោមជ្រែងផ្នែកបច្ចេកទេស គ្រូជំនាញ កម្មវិធីសិក្សាអោយស្របតាមលក្ខណស្តង់ដារ។ ក្នុងនោះក៏គ្រោងនឹងបង្កើតនាយកដ្ឋានថ្មីមួយ ដើម្បីធ្វើការស្រាវជ្រាវកីឡាកម្រិតខ្ពស់ ទៅតាមលទ្ធផលភាពដែលភាគីជប៉ុនជួយមកកម្ពុជា ។ លោកនាយករងវិទ្យាដ្ឋាន បញ្ជាក់បន្ថែមថា ក្នុងនោះក៏មានកិច្ចពិភាក្សាពីបញ្ហាប្រឈមនានា ដែលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកំពុងជួបប្រទះ និងផែនការយុទ្ធសាស្ត្រនាពេលអនាគតរបស់អង្គភាព ក្នុងគោលបំណងពង្រឹង និងពង្រីកកីឡាកម្រិតខ្ពស់ក្នុងអាស៊ី ក្នុងនាមដែលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាសមាជិក នៃសមាគមវិទ្យាស្ថានកីឡានៅអាស៊ី ។
គួរបញ្ជាក់ថា ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ៣រូប ដឹកនាំដោយលោកបណ្ឌិត TAKASH WAKU អគ្គនាយករងមជ្ឍមណ្ឌលកីឡាកម្រិតខ្ពស់ និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ នៃក្រុមប្រឹក្សាកីឡា នៃជប៉ុន និងជាអគ្គនាយករង នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៃប្រទេសជប៉ុន (Japan High Performance Sport Center) , លោកស្រី Itsuko Yamaguchi មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានពត៌មាន និងទំនាក់ទំនងអន្តរជាតិ និងកញ្ញា Sae Tashiro អ្នកគ្រប់គ្រងគម្រោង នៃនាយកដ្ឋានពត៌មាន និងទំនាក់ទំនងអន្តរជាតិ មកទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាដ្ឋានជាតិអប់រំកាយ និងកីឡា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner