ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គអាចជជែកលើការផ្ដល់សន្ទុះដល់ការអភិវឌ្ឍដោយស្មើភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

ភ្នំពេញ៖ការផ្ដល់សន្ទុះលើការអភិវឌ្ឍដោយស្មើភាព នឹងនៅតែជា ប្រធាន បទសំខាន់ ដែលក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ កម្ពុជា ឡាវ ភូមា និងវៀតណាម ដែលហៅជាភាសា អង់គ្លេស៊ី អិល អឹម វី( CLMV) ឆ្លៀតជួបជជែកជាមួយគ្នា នៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលនឹងចាប់ផ្ដើមនៅថ្ងៃ ទី១៤កញ្ញាខាងមុខនៅក្រុងសៀមរាប។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែង ឲ្យដឹងនៅថ្ងៃទី១១ខែកញ្ញាថា លោកនៅមិនទាន់ទទួលបាន របៀបវារៈ ស្ដីពីកិច្ចប្រជុំCLMVនៅឡើយទេ តែកិច្ចប្រជុំនេះ ទំនង ជាផ្ដោតទៅ លើការអភិវឌ្ឍដោយស្មើភាព រវាងប្រទេសសមាជិក អាស៊ាន។ លោកបន្តថា៖«ដូចយើងជ្រាបស្រាប់ហើយថា ក្នុងចំណោម ប្រទេស ជាសមាជិកអាស៊ាន ប្រទេសដែលមានការរីកចម្រើនខ្ពស់មាន តែប្រាំមួយប្រទេសទេ និងប្រទេសដែលមានការរីកចម្រើននៅមាន កម្រិតមានចំនួន៤ប្រទេសគឺ CLMV នេះឯង។»
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល បានគូសបញ្ជាក់ទៀតថា កន្លងមក CLMV ធ្លាប់បានជជែកលើការផ្ដល់សន្ទុះ ក្នុងការអភិវឌ្ឍ ស្មើភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចអាស៊ាន ស្ថិតក្នុងភាព ធន់និងទ្រាំទ្ររួចលោកបន្តថា៖«សមិទ្ធផលសេដ្ឋកិច្ចមួយដែលយើងបានលើកឡើង គឺកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍ ដើម្បីធ្វើយ៉ាងណា ឲ្យប្រទេសជា សមាជិកអាស៊ានទាំងអស់ អាចអភិវឌ្ឍក្នុងជំហាន មួយប្រកបដោយសមភាព និងអាចឈានទៅដល់ការ អភិវឌ្ឍក្នុង សន្ទុះមួយស្មើៗគ្នា ដើម្បីធានាធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច អាស៊ានស្ថិត ក្នុងភាពធន់ ទ្រាំទ្របាននូវបរិយាកាស និងហានិភ័យផ្សេងៗដូចជា៖ វិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅលើពិភពលោក។»

លោកបណ្ឌិត គិន ភា ប្រធានទំនាក់ទំនងអន្តរជាតិនៃរាជ្យ បណ្ឌិត សភាកម្ពុជា បានរំឮកឡើងវិញថា យន្តការ CLMV បង្កើតឡើងដើម្បី ជំរុញ ការអភិវឌ្ឍសម្រាប់ក្រុមប្រទេសអាស៊ានថ្មី រួមមាន៖ កម្ពុជា ឡាវ ភូមា វៀតណាម។ លោកបន្តថា៖ «យើងមើលឃើញថា មានគម្លាត រវាងអាស៊ានចាស់ និងអាស៊ានថ្មី ទាំងសេដ្ឋកិច្ច ធនធានមនុស្ស និងប ច្ចេកវិទ្យាឌីជីថល។ ដូច្នេះ យន្តការមួយនេះជាមុខព្រួញថ្មី ដើម្បីធ្វើ យ៉ាងណា ឲ្យការអភិវឌ្ឍរវាងអាស៊ានចាស់និងអាស៊ានថ្មី មានភាព ប្រហាក់ ប្រហែលគ្នាឬអាចដើរទាន់គ្នាក្នុងស្ថានភាពមួយ។»
លោកបណ្ឌិត គិន ភា មើលឃើញទៀតថា ការរីកចម្រើនរបស់ប្រទេស CLMV មានផលប្រយោជន៍ច្រើនដូចជា៖ ការកសាងហេដ្ឋារចនា សម្ព័ន្ធ បម្រើឱ្យ ការធ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ច ហើយដៃគូខាងក្រៅ របស់អាស៊ាន ក៏បានរួមច្រើនណាស់ដែរ ក្នុងការជួយក្រុមប្រទេស មហាអនុតំបន់ទន្លេមេគង្គ (CLMV)។
កាលពីអំឡុងខែ កញ្ញា ឆ្នាំ២០២១ កម្ពុជាបានទទួលរៀបចំកិច្ចប្រជុំ កំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ តាមអនឡាញ ដែលពេលនោះ កម្ពុជាបានសម្រេចដាក់ចេញនូវផែនការឆ្លើយតប និងស្តាប្រទេសពីវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២១-២០២៣ ដើម្បីជួយស្រោចស្រង់ប្រទេសមហាអនុតំបន់ទន្លេមេគង្គចេញពីវិបត្តិជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលនោះ បានលើកឡើងពីផែនការឆ្លើយតបទៅនឹងកូវីដ១៩ និងផែនការ ស្តារសេដ្ឋកិច្ចឡើងវិញឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់ លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងរយៈពេលខ្លី និងមធ្យម ជាមួយនឹង ការយកចិត្តទុកដាក់ជាពិសេសទៅលើប្រជាជនក្រីក្រ និងងាយ រងគ្រោះ ព្រមទាំងធ្វើឱ្យប្រសើរឡើងវិញ នូវការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន។

គួរបញ្ជាក់ជូនថា កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ ធ្វើឡើងបី ឆ្នាំម្តង ហើយកិច្ចប្រជុំលើកទី៨ គ្រោងធ្វើឡើងនៅឆ្នាំ២០២៤ នៅប្រទេសចិន។

កិច្ចសហប្រតិបត្តិការនៃប្រទេស CLMV ធ្វើឡើងទៅលើវិស័យ សំខាន់ចំនួនប្រាំបួនដូចជា៖ វិស័យពាណិជ្ជកម្មនិងការវិនិយោគ វិស័យកសិកម្ម ឧស្សាហកម្ម និងថាមពល វិស័យគមនាគមន៍ វិស័យ ទំនាក់ទំនង និងបច្ចេកវិទ្យា វិស័យទេសចរណ៍ វិស័យធនធាន មនុស្ស សុខាភិបាល និងទំនាក់ទំនងសេដ្ឋកិច្ចតំបន់៕
ដោយ៖អេង រាជនី

ads banner