ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជម្រុញអោយកីឡាករចូលរួមប្រកួតកម្រិតអន្តរជាតិមួយឆ្នាំ អោយបាន៣ដង

ភ្នំពេញ៖ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានធ្វើតេសសាកល្បងរថយន្ត OFF ROAD និងរៀបចំពិធីជួបសំណេះសំណាល ត្រៀមចេញទៅចូលរួមប្រកួតកីឡា OFF ROAD ជាលក្ខណអន្តរជាតិ នាខែតុលា ឆ្នាំ២០២២ នៅប្រទេសថៃ ពីធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា និងឯកឧត្តម ទៀ សុខា ប្រធានកិត្តិយស កាលពីចុងសប្តាហ៍កន្លងទៅ ។
ឯកឧត្តម ទៀ ស្យាម មានប្រសាសន៍ថា ការប្រកួតកម្រិតអន្តរជាតិលើកនេះ បានបង្ហាញពីការរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យកីឡា OFF ROAD កម្ពុជា បាននឹងកំពុងមានប្រជាប្រិយភាពខ្លាំង និងមានការគាំទ្រ ។ ឯកឧត្តមប្រធាន បន្ថែមថា ការចូលរួមនេះ កម្ពុជាទទួលបានបទពិសោធន៍ និងបច្ចេកទេសពីការប្រណាំង ការរៀបចំ ដើម្បីត្រៀមខ្លួនអោយបានល្អនៅឆ្នាំក្រោយ នឹងឈានស្វែងរកលទ្ធផល និងពានរង្វាន់ជូនកម្ពុជាអោយបាន ។ ក្នុងនាមប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ឯកឧត្តម ជម្រុញអោយកីឡាករ OFF ROAD កម្ពុជា ចូលរួមប្រណាំងមកម្រិតអន្តរជាតិមួយឆ្នាំអោយបាន៣ដង ដើម្បីបង្ហាញថាកម្ពុជាក៏មានកីឡាករខ្លាំងៗ អាចប្រកួតប្រជែងជាមួយកីឡាករបរទេសបាន ជាពិសេសលើកស្ទួយកីឡា OFF ROAD កម្ពុជា នៅលើឆាកអន្តរជាតិ។ ហើយឯកឧត្តម ទៀ ស្យាម បានសន្យាថា នឹងស្វែងរកការឧបត្តម្ភគាំទ្រពីវិស័យឯកជន ទាំងថវិកា និងសម្ភារជួយដល់កីឡាករកម្ពុជាយើង ។
ចំនែកឯឯកឧត្តម ទៀ សុខា ប្រធានកិត្តិយសក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានកោតសសើរក្រុមកីឡាករ OFF ROAD ដែលបានចូលរួមយ៉ាងសកម្មការងារមនុស្សធម៌ ដូចជា ដឹកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកោះកុង និងបាននាំយកថវិកាមូលនិធិរៃអង្គាសពីសមាជិករបស់ខ្លួន មានចំនួនសរុប ៤,៣៥៥ ដុល្លារអាមេរិក យកទៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារ សំលៀកបំពាក់ និងថវិកា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល អោយស្របតាមបាវនាទាំង៤ របស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា កីឡា បរិស្ថាន ទេសចរណ៍ និងការងារសប្បុរសធម៌ ។ ឯកឧត្តម ទៀ សុខា ក៏បានកោតសសើរ និងមានមោទនភាពចំពោះក្រុមកីឡាករ OFF ROAD កម្ពុជាទាំង៣ក្រុម ដែលចូលរួមប្រកួតទទួលបានបទពិសោធន៍ និងលទ្ធផលប្រសើរល្អ ជាពិសេសឯកឧត្តមប្រធាកិត្តិយស បានស្នើសុំឲ្យក្រុមទាំងអស់ស្រឡាញ់គ្នា ជួយគ្នា លើកទឹកចិត្តគ្នា បង្កើនមិត្តភាព សាមគ្គីភាពជាក្រុមអោយខ្លាំង ។
សូមបញ្ជាក់ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា គ្រោងនឹងចូលរួមប្រកួតរថយន្ត OFF ROAD កម្រិតអន្តរជាតិ នាខែតុលាខាងមុខនេះ នៅខេត្តត្រាង ប្រទេសថៃ ។ ក្រៅពីការចូលរួមកម្រិតអន្តរជាតិ កម្ពុជានឹងរៀបចំការប្រកួតរថយន្តពានរង្វាន់ OFF ROAD សន្តិភាព ជាលក្ខណៈអន្តរជាតិ នាខែមករា ដើមឆ្នាំ២០២៣ខាងមុខនេះ ដោយមាន៤ប្រទេសចូលរួម មានថៃ ឡាវ វៀតណាម និងកម្ពុជាជាម្ចាស់ផ្ទះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner