ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ ប្រទេសជប៉ុន

ប្រទេសជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយមន្រ្តីនៃស្ថានទូត និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅ វត្តលោកយាយជំទាវហេង) ស្ថិតនៅតំបន់ ishehara ខេត្ត Kanagawa ប្រទេសជប៉ុន នៅព្រឹកថ្ងៃអាទិត្យ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តមមានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌ នឹងកាន់បិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែរមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល ដោយសទ្ធាជ្រះថ្លា និងជួបជុំសាច់ញាត្តិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨នេះផងដែរ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃចំនួន៤ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅ វត្តលោកយាយជំទាវហេង) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

សូមបញ្ជាក់ថាគ្រឿងទេយ្យទាន និងទេយ្យវត្ថុដែលយកទៅវេរប្រគេនព្រះសង្ឃ រួមមាន អង្ក ស្ករស តែ ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនសមាគមខ្មែរ កម្មសិក្សាការី និស្សិត ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន និងបានជម្រាបអំពីការទំនាក់ទំនងក្នុងលក្ខណៈភាពជាដៃគូរយុទ្ធសាស្ក្រ តាំងពីឆ្នាំ២០១៣ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរ និងកាន់តែជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជានិង ជប៉ុន ព្រមទាំងអំពីការអភិវឌ្ឍន៍គ្រប់វិស័យនៅប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តម បានបញ្ជាក់ថា ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគុណតម្លៃនៃសន្តិភាព ដែលបានមកដោយលំបាក។ ឯកឧត្តមក៏បានរំព្ញកឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងអស់ រួមគ្នាបន្តថែរក្សាការពារ សន្តិភាពនៅកម្ពុជាឲ្យបានកាន់តែប្រសើរ នឹងរឹងមាំថែមទៀត ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner