អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានដាក់ផែនការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌឱ្យខាងតែបាន ។

វិធានការនេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី ជាចៅសង្កាត់ លោកនាយប៉ុស្តិ៍ទាំង៨ លោកអភិបាលរង ទទួលបន្ទុក តាមជំនាញ និងមន្ត្រីក្រោមឱវាទ ជាច្រើននាក់ទៀត ។

និយាយជារួមកិច្ចប្រជុំនេះផ្តោតលើការងារដូចខាងក្រោម៖
១-ពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវការចរាចរណ៍និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទតាមគ្រប់រូបភាពនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២- រៀបចំវេនប្រចាំការតាមសង្កាត់ ខណ្ឌ និងដឹកនាំការល្បាតក្នុងមូលដ្ឋាន ។
៣- ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលអញ្ជើញទៅធ្វើបុណ្យតាមបណ្តាវត្តទាំង ២៤ក្នុងខណ្ឌ ។
៤- ដឹកនាំការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលដៅផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ផ្សារព្រែកឯងក្នុងសង្កាត់ព្រែកឯង និងផ្សារជនជាតិក្នុងសង្កាត់ព្រែកប្រា ។
៥- ត្រួតពិនិត្យទីតាំងទទួលបញ្ចាំទាំងអស់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
៦- ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព រហ័ស និងប្រកបដោយប្រសិទ្ធភាព ។
៧- ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ ។
៨- ពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍សង្កាត់និងខណ្ឌ ។
៩- កែសម្រួលសមាសភាពគណៈកម្មាធិការនានាឲ្យស្របនឹងស្ថានភាពជាក់ស្តែង។

ក្នុងថ្ងៃដដែលនេះដែរ លោកអភិបាលខណ្ឌ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទ និងបានកោតសរសើរ លើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបម្រើការងារជូន រដ្ឋបាលខណ្ឌ ឲ្យទទួលបានផ្លែផ្កានិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ៕ ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner