រដ្ឋមន្រ្តីក្រសួងការងារ៖ប្រាក់សោធននឹងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅខែតុលាឆ្នាំ២០២២នេះ
ភ្នំពេញ៖នៅចុងឆ្នាំ២០២២ ដែលជាត្រីមាសទី៣នេះ អត្ថប្រយោជន៍ ដ៏សំខាន់មួយនឹងត្រូវបានដាក់ឱ្យអនុវត្តនោះគឺរបបសន្តិសុខសសង្គមផ្នែកប្រាក់សោធន។ របបប្រាក់សោធនមកដល់ពេលនេះយើងបានឈានដល់ជិតការបិទបញ្ចប់យុទ្ធនាការ ៩០ថ្ងៃដើម្បីផ្សព្វផ្សាយរួចហើយ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ។
ថ្លែបញ្ជាក់ប្រាប់បណ្តាញសារព័ត៌ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២បានឱ្យដឹងថា តាមរយៈយុទ្ធនាការស្តីពីប្រាក់សោធននេះដែលក្រសួងបានទទួលពី មតិយោបល់ និងក៏ដូចជាការឆ្លុះបញ្ចាំងពីការយល់ឃើញរបស់កម្មករនិយោជិត និង និយោជកឃើញថា ៖បងប្អូនអបអរសារទរ បងប្អូននឹងអនុវត្ត ហើយ ត្រៀមខ្លួនចំពោះប្រាក់វិភាគទាន ក៏ត្រៀមខ្លួនទទួលបានអត្ថប្រយោជន៍ប្រាក់សោធននៅពេលខ្លួនចូលនិវត្ត។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា “នេះជារឿងល្អណាស់!ខ្ញុំជឿជាក់ថា ចាប់ពីខែតុលាទៅរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នឹងត្រូវចាប់ផ្តើមអនុវត្ត ហើយយើងសង្ឃឹមថា នឹងពុំមានឧបសគ្គអ្វីរារាំងក្នុងការអនុវត្តនោះទេ”។
ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សំហេងបានមានប្រសាសន៍ដែរថា “ពីដំបូងយើងព្រួយបារម្ភព្រោះថា កម្មករនិយោជិតរបស់យើងគឺប្រាក់ឈ្នួលរបស់គាត់មានកំណត់ ហើយកម្មវិធីចាយវាយរបស់គាត់ក៏មានផែនការ ប៉ុន្តែឥឡូវនេះដល់ពេលជំរាបអំពីអត្ថប្រយោជន៍ច្បាស់លាស់ទៅម្នាក់ៗសុខចិត្តបង់ដើម្បីទទួលបានអត្ថប្រយោជន៍នៅពេលចាស់ទៅ។ចំណែកនិយោជក(ថៅកែ)ក៏បានត្រៀមខ្លួនហើយស្រេចដែរក្នុងការបង់វិភាគទានជូនកម្មករយើង ២ភាគរយ និងកម្មករនិយោជិតបង់ ២ភាគរយសម្រាប់ការទទួលប្រាក់សោធននិវត្ត ។ ពេលឈានដល់ខែមករាឆ្នាំ២០២៣ប្រាក់ឈ្នួលថ្មីក៏ឈានមកដល់ ប្រាក់ឈ្នួលក៏កើនឡើងជាងប្រាក់ឈ្នួលចាស់អញ្ចឹងទេខ្ញុំសូមចូលរួមអបអរសារទរ”។
គួររំលឹកថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររយៈពេល៩០ថ្ងៃ គឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
គួរបញ្ជាក់ថា អន្តរក្រសួងបានប្រកាស ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ និងក្រសួងការងារបានប្រកាសស្តីពីកាលបរិច្ឆេទនៃការចាប់ផ្ដើមបង់វិភាគទាននៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនតាមរបបភាគទាន ជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ៕ ដោយ៖ម៉ាដេប៉ូ