អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនសុីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“
ភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនសុីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“។ នេះបើយោងតាមការបង្ហោះលើផឹកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីជួបទល់មុខគ្នា រវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបេីកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនសុីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហេីយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡេីយ ជាជនសុីវិលឆ្លៀតឱកាស។
បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកេីតឡេីងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លេីករណីល្មេីសនេះ ត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះ គាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តី ដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។ ភ្លាមនោះ មន្រ្តីរបស់យើង ក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះ មានជនឱកាសនិយម ស្លៀកពាក់សុីវិលឆ្លៀតឱកាសហៅបុរសនោះ ចេញមកក្រៅ ដោយប្រាប់ថាបេីអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដេីម្បីបង់ថ្លៃល្មេីសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហេីយប្រញាប់ផង ក៏ជឿមិនបានគិត ហេីយក៏បានផ្តល់លុយនោះទៅឲ្យជនសុីវិល ដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅ មន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរា សុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា ៖ នៅវេលាម៉ោងប្រហែលជិត ១១:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន ០២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង ០២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់។
ជាមួយនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់នឿយ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ៕ ដោយ៖ ឆៃហួត និងប៊ុនធី