ក្រសួងកសិកម្មស្នើឱ្យក្រសួងមហាផ្ទៃជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ស្នើសុំ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្ត្រី ក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។ នេះបើតាមលិខិតផ្លូវការ មួយច្បាប់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ចុះថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ គោរពជូន សម្ដេចក្រឡាហោម ស ខេង ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់នៅក្នុងលិខិតរបស់លោកថា ក្រសួងកសិកម្មសង្កេតឃើញការចរាចរនាំចេញកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសនៅតែបន្តកើតមានជាហូរហែផ្ទុយពីសារាចរណែនាំកាលពីឆ្នាំ២០០៣ដែលរដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឱ្យមានការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅ បរទេស។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា៖«សមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មក្នុងស្រុក ខ្វះវត្ថុធាតុដើមកែច្នៃ ប្រឈមនឹងការបិទទ្វារ ព្រមទាំងការបាត់បង់ចំណូលពន្ធរដ្ឋពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូនិងបាត់បង់ការងារ របស់ប្រជាពលរដ្ឋ»។
ឯកឧត្តមបន្ថែមថា ៖«ដើម្បីទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសក្នុងគោលបំណង ជួយដល់ សមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ក៏ដូចជាបង្កើនចំណូលនៅក្នុងស្រុកក្រសួង កសិកម្ម សូមសម្តេច ជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្តនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនទាំងអស់ពង្រឹងអនុវត្ត ខ្លឹមសារសារាចរណែនាំឆ្នាំ២០០៣ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូឈើកៅស៊ូមិនទាន់កែច្នៃទៅ បរទេស ឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់»។

លោក ណុប ឡុងឌី អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកផ្នែក ពាណិជ្ជកម្ម និងការងារពំ្រដែន បានឆ្លើយតបថា លោកពុំទាន់ បានទទួលព័ត៌មាននេះទេ ។ដូច្នេះលោកមិនអាចធ្វើអត្ថាធិប្បាយអ្វីឡើយ។

កសិករម្ចាស់ចម្ការជ័រកៅស៊ូ លោក យូសុះ រ៉សេត អាយុ៥៧ឆ្នាំ មានចម្ការជ័រកៅស៊ូចំនួនបីហិកតា នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោកប្រាប់ថា ការនាំចេញជ័រកៅស៊ូនិងឈើ កៅស៊ូទៅក្រៅប្រទេសនៅតែបន្តកើតមាន ព្រោះនៅតាមរោងចក្រ កែច្នៃប្រមូលទិញជ័រកៅស៊ូក្នុងតម្លៃទាប ខណៈប្រទេសជិតខាងឱ្យ តម្លៃខ្ពស់ជាង។

លោកថ្លែងដូច្នេះថា៖«ខ្ញុំចង់និយាយថានៅក្នុងស្រុកយើងវាមានបញ្ហាថាតាមរោងចក្រកែច្នៃទទួលទិញអត់ឱ្យតម្លៃថ្លៃនោះទេ កាលណា យើងនាំចេញទៅក្រៅ វាបានថ្លៃជាង នៅប្រទេសជិតខាងគេអាច នឹងប្រមូលទិញថ្លៃជាង»។
លោកបន្តថា ការដែលរោងចក្រកែច្នៃប្រមូលទិញក្នុងតម្លៃទាប ក៏ធ្វើឱ្យប៉ះពាល់កសិករខ្មែរផងដែរព្រោះតម្លៃ បច្ចុប្បន្នការចំណាយ ថ្លៃដើមខ្ពស់ ប៉ុន្តែកសិផលដែលប្រមូលផលបានមានតម្លៃថោក។

លោកបានឱ្យដែរថា បច្ចុប្បន្នតម្លៃជ័រកៅស៊ូធ្លាក់ចុះថ្លៃខ្លាំង គិតចាប់ តាំង ពីខែសីហាកន្លងទៅដោយបានធ្លាក់ថ្លៃពី ជាង២០០០រៀល មកនៅត្រឹម១៣០០ រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មានចំនួន ៣១០ ១៩៣ហិកតា កើនឡើងជាង ៦ភាគរយ ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០៕
ដោយ៖ហ្វ្រីន ហ្រ្វីដា

ads banner