ឈាបនដ្ឋាននៅកណ្តាលក្រុង នឹងបង្វែរទិស ទៅជាយក្រុងវិញ

ភ្នំពេញ៖ វត្តប្រសិទ្ធីរីម្មារាម ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកសាងឈាបនដ្ឋាន ជាច្រើនដើម្បីបូជាសពអ្នកដែលបានស្លាប់ដោយសារ ជម្ងឺcovid-19 ហើយក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះ វាក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសព សម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈដែល ឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរទិសមកកាន់ទីតាំងជាយក្រុងវិញ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងព្រឹកថ្ងៃទី២០កញ្ញានេះ វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តថ្មីមួយ ដែលបានកសាងសមិទ្ធផលជាច្រើននៅក្នុងវត្តនេះ ហើយអ្វីដែលសំខាន់នោះ ទីអារាមនេះ ក្រោមការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋាន ជាច្រើននៅទីនេះ ដើម្បីបូជាសព អ្នកដែលស្លាប់ដោយសារ ជម្ងឺcovid-19 ខណៈដែលប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកត្រូវបានរាតត្បាតខ្លាំងដោយជម្ងឺកូវីដ-១៩។

វត្តនេះបានដើរតួយ៉ាងសំខាន់ ដោយយើងបានបង្កើតឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ covid-19 ជាមួយនិងការផ្តល់ម្ឈូស កោដិ ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ ដែលមានបងប្អូន សាច់ញាតិ ស្លាប់ដោយជម្ងឺកូវីដ-១៩នេះផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ទីតាំងឈាបនដ្ឋានខាងលើនេះ មានទំហំដីជាងមួយហិចតា ហើយក្នុងតំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ទីតាំងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការបូជាសព ដោយប្រើប្រាស់ពេលវេលានៃការដុតសព ម្នាក់ប្រមាណជាង ១ម៉ោងប៉ុណ្ណោះ (ឈាបនដ្ឋាន២ មានឡូតិ៍ចំនួន៨) ។

ឯកឧត្តម បញ្ជាក់ផងដែរថា ឈាបនដ្ឋាននេះ មានទីតាំងធំទូលាយ សម្រាប់ធ្វើពិធីបុណ្យ ។ ក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសព សម្រាប់ប្រជាពលរដ្ឋទូទៅខណៈដែលនៅរាជធានីភ្នំពេញ ឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរ មកកាន់ទីតាំងខាងលើនេះវិញ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner