បុរសជប៉ុនម្នាក់ ដុតខ្លួនឯងក្នុងបំណងប្រឆាំងនឹងពិធីបុណ្យ សពថ្នាក់ រដ្ឋ សម្រាប់លោក អាបេ
ជប៉ុន៖បុរសជប៉ុនម្នាក់ បានដុតខ្លួនឯងនៅក្បែរការិយាល័យនាយក រដ្ឋមន្ត្រីជប៉ុនក្នុងទីក្រុងតូក្យូ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញានេះ ដើម្បី ប្រឆាំងតវ៉ាចំពោះពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដា។ នេះបើ តាម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
ភ្លាមៗបន្ទាប់ពីប្រទះឃើញបុរសម្នាក់ កំពុងត្រូវភ្លើងឆេះនៅជិត ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន សាក្សីបានទូរស័ព្ទទៅប៉ូលិស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន រាយការណ៍ថាមន្រ្តីជប៉ុន បាន ពន្លត់ភ្លើង ហើយបានដឹកយកបុរសដែលនៅដឹងខ្លួននោះទៅកាន់ មន្ទីរពេទ្យ។
ខណៈពេលនេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេពីទំហំនៃរបួស និងស្ថានភាពរបស់បុរសខាងលើ។ សារព័ត៌មានជប៉ុន គ្រាន់តែ រាយការណ៍ថា បុរសនោះទំនងជាមានអាយុខ្ទង់ ៧០ឆ្នាំ។ ជុំវិញហេតុការណ៍នេះ រដ្ឋាភិបាលក្រុងតូក្យូ នៅមិនទាន់ចេញមុខ អត្ថាធិប្បាយ អ្វីឡើយ។
ប៉ុន្តែការប្រឆាំងទៅនឹងពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់លោក អាបេ បានកើនឡើងជាបន្តបន្ទាប់ដោយសារតែ ការមានការលាតត្រដាង ថា ការសម្លាប់រូបលោកអតីតនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធ រឿងរ៉ា វរវាងគណបក្ស ប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច ជាមួយ នឹងអង្គការវិហារបង្រួមបង្រួមដ៏ចម្រូងចម្រាស់មួយ។
ខ្មាន់កាំភ្លើងដែលជាឃាតករសម្លាប់លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ធ្លាប់បាននិយាយថា រូបគេខឹងនឹងអង្គការសាសនានេះ ដែល បានបញ្ចុះបញ្ចូលម្តាយខ្លួនឲ្យធ្វើទាន រហូតធ្លាក់ផុងក្នុងវិបត្តិហិរញ្ញវត្ថុ ទើបសម្រេចបាញ់សម្លាប់លោក អាបេ។
គួរជ្រាបថា ពិធីបុណ្យសពរបស់លោក អាបេ នឹងត្រូវប្រព្រឹត្តធ្វើទៅ នៅថ្ងៃទី ២៧ ខែកញ្ញាខាងមុខ។ គេរំពឹងថា ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំអន្តរជាតិជាច្រើនរយនាក់ នឹង ចូលរួម ក្នុងពិធីនេះ។
គួររំឭកជូនដែរថា លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ២០២២ ក្នុងវ័យ ៦៧ ឆ្នាំ នៅពេល កំពុងជួយឃោសនាឲ្យបេក្ខជនគណបក្សរបស់លោក សម្រាប់ការ បោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន។ ការសម្លាប់នាយករដ្ឋមន្ត្រីជប៉ុនដែលកាន់អំណាចយូរជាងគេនេះ ត្រូវបានថ្កោលទោសជាអន្តរជាតិ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅ ទូទាំងជប៉ុន ដែលជាប្រទេសមានកំណត់ត្រាអំពើហិង្សានយោបាយ និងឧក្រិដ្ឋកម្មកាំភ្លើងតិចតួចបំផុត៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖
- Japanese man sets himself on fire in apparent protest at former PM’s state funeral
https://www.bbc.com/news/world-asia-62976842 - Japanese man sets himself on fire in apparent protest at former PM’s state funeral
https://www.reuters.com/world/asia-pacific/man-who-set-himself-fire-near-japans-pm-office-is-unconscious-tv-asahi-2022-09-21/