លោក ពូទីន បង្កើនការកេណ្ឌកងទ័ពក្នុងហេតុផលដើម្បី ការពារ ប្រទេស រុស្ស៊ី
រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធ ទី២១ ខែកញ្ញាឆ្នាំ២០២២ នេះបានប្រកាសថា ពីការកេណ្ឌទ័ពខណៈ ដែលកងទ័ពរុស្ស៊ីកំពុងរងនូវការវាយប្រហារបកពីអ៊ុយក្រែនដែលសម្រុកដើម្បីដណ្ដើមយកទឹកដី វិញ។
ក្នុងសុន្ទកថាតាមកញ្ចក់ទូរទស្សន៍ លោក ពូទីន អះអាងថា ការ កេណ្ឌទ័ពដែលចាប់ផ្ដើមនៅថ្ងៃពុធនេះត្រូវធ្វើឡើង ជាចាំបាច់ ដើម្បីការពារប្រទេសរុស្ស៊ី និងទឹកដីរបស់ខ្លួន ។លោកអះអាងថា ប្រទេសបស្ចិមលោកមានបំណងចង់ កម្ទេចបំផ្លាញរុស្ស៊ី ព្រោះមិន ចង់ ឱ្យមានសន្តិភាពអ៊ុយក្រែន។
លោក ពូទីនបន្តថា៖«ប្រសិនបើបូរណភាពទឹកដីនៃប្រទេសរបស់ យើងរងការគំរាមកំហែងយើងប្រើគ្រប់មធ្យោបាយ ទាំងអស់ដើម្បី ការពារប្រជាជនរបស់យើងហើយនេះមិនមែនជាការបំភាន់ទេ»។លោកបន្ថែមអ្វីដែលលោកធ្លាប់លើកឡើងដដែលៗថារុស្ស៊ីមានគោលរំដោះតំបន់ដុនបាសនៅភាគខាងកើតអ៊ុយក្រែនព្រោះប្រជាជនដែលស្ថិតនៅក្រមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី មិនចង់រស់នៅ ក្រោម ការគ្រប់គ្រងរបស់អ៊ុយក្រែននោះទេ។
លោកពូទីនបន្ថែមថា រុស្ស៊ីនឹងប្រើគ្រប់ធនធានដែលខ្លួនមាន ដើម្បី ការពារប្រជាជន។រុស្ស៊ីមានអាវុធជាច្រើន ទំនើបជាងអាវុធរបស់ ណាតូ ដើម្បីឆ្លើយតបទៅនឹងការគំរាមកមហែងរបស់លោក ខាង លិច។
សូមបញ្ជាក់ថា រុស្ស៊ីមានកងទ័ពបម្រុងទុកប្រហែលពីរលាននាក់។ ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះ ដែលទទួលបានការបណ្តុះបណ្តាល ថ្មីជាប្រចាំ។ ទោះយ៉ាងណាក៏ដោយ ក្រឹត្យស្តីពីការកេណ្ឌទ័ពថ្មី អាចឱ្យរុស្ស៊ីប្រមូលកម្លាំងពីអង្គភាពចាស់ៗជាង ៣០០ ០០០ នាក់ (តួលេខពីក្រសួងការពារជាតិរុស្ស៊ី) ដើម្បីយកទៅធ្វើសង្រ្គាមនៅ អ៊ុយក្រែន ដែលខ្លួនកំពុងឈានទៅចាញ់សង្គ្រាម ដោយសារតែ ប្រតិបត្តិ ការវាយបករបស់ក្រុងកៀវប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ការប្រកាសរបស់លោក ពូទីន នៅថ្ងៃពុធនេះ ធ្វើឡើងបន្ទាប់ពី មន្រ្តីគ្រប់គ្រងតំបន់ចំនួនបួននៅអ៊ុយក្រែន រួមមាន៖ ដុនណិតស្ក៍ លូហានស្ក៍ ខឺសុន និងហ្សាប៉ូរីចា ប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងរៀបចំការធ្វើប្រជាមតិ ចន្លោះពីថ្ងៃទី ២៣-២៧ ខែកញ្ញានេះ ដើម្បីអាចឱ្យរុស្ស៊ី រាប់បញ្ចូលតំបន់ទាំងនេះ ថាជាទឹកដីរបស់ខ្លួនជា ផ្លូវការ ដូចនៅគ្រីមៀ។ ផែនការនៃការធ្វើប្រជាមតិចុងក្រោយនេះ រងនូវការថ្កោលទោសយ៉ាងដាច់អហង្ការពីអ៊ុយក្រែន និងសហគមន៍ អន្តរជាតិ ជាពិសេសលោកខាងលិច ដែលផ្គត់ផ្គង់សព្វាវុធទំនើបៗ ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពាន របស់រុស្ស៊ី យ៉ាង មានប្រសិទ្ធិភាព។
ការកេណ្ឌទ័ពរបស់រុស្ស៊ីនាពេលនេះ មានន័យថា ប្រជាជនរុស្ស៊ីត្រូវតែ ចូលរួមក្នុងកិច្ចប្រឹងប្រែងធ្វើសង្រ្គាម ប៉ុន្តែមិនមែនជាការ កេណ្ឌទ័ពទ្រង់ទ្រាយធំទូទាំងប្រទេសទេ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីសភារស្ស៊ី ធ្វើវិសោធនកម្មលើច្បាប់ដាក់ទោសលើ ទាហាន ដែលរត់ចោលជួរ ឬអ្នកមិនស្ដាប់បញ្ជាអាជ្ញាសឹកនៅ អំឡុងពេល កេណ្ឌទ័ព ឬធ្វើសង្រ្គាម មានការព្យាករណ៍ថា លោកពូទីន នឹង ប្រកាស សង្រ្គាមនៅអ៊ុយក្រែន ក្នុងទ្រង់ទ្រាយធំជាមុន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Putin announces military mobilisation, says West wants to destroy Russia https://www.channelnewsasia.com/world/russia-vladimir-putin-partial-military-mobilisation-ukraine-donbas-west-2953891