សពឯកឧត្តម ប៊ូ ឡាំ ត្រូវបានប្រារព្ធពិធីហែយកទៅបញ្ចុះប្រកបដោយក្តីវិប្បយោគជាពន់ពេក
រតនគិរី ៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល៩ថ្ងៃរួចមក នៅវេលាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ សពឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាតិ ត្រូវបានក្រុមគ្រួសាររៀបចំពិធីដង្ហែចេញពីគេហដ្ឋាន ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឆ្ពោះទៅបញ្ចុះនៅលើភ្នំឥសីបតមៈវត្តឥសាន្តរតនារាម ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ពិធីដង្ហែសព ឯកឧត្តម ប៊ូ ឡាំ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈព្រមទាំង ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យុវជនស.ស.យ.ក យុវជន ស.យ.ស.ស យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ឯកឧត្តម ប៊ូ ទ្បាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដែលបានទទួល មរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ។
- ឯកឧត្តម ប៊ូ ឡាំ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៥ នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
- ឯកឧត្តម ប៊ូ ឡាំ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៨០ នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ភរិយាឈ្មោះ ហេង ខាំពង្ស(មានកូន០៤នាក់) មានឪពុកឈ្មោះ ថាវ ប៊ូ និងម្តាយឈ្មោះ ណាង ដាំ និងមានបងប្អូន០៤នាក់ ប្រុស០៣នាក់(ស្លាប់ម្នាក់)។
- ឆ្នាំ១៩៦៦: មានតួរនាទីជាប្រធានកុមារតស៊ូបដិវត្តន៍នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
ឆ្នាំ១៩៧០: ចូលធ្វើយោធានៅស្រុកវើនសៃ។ - ឆ្នាំ១៩៧៤: រត់ទៅប្រទេសវៀតណាមដោយសារខ្មែរក្រហមសម្លាប់មនុស្ស។
ឆ្នាំ១៩៧៨: ចូលបំរើកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ - ឆ្នាំ១៩៧៩: ធ្វើការនៅអគ្គភស្តុភារ នៃក្រសួងការពារជាតិ ភ្នំពេញ។
- ឆ្នាំ១៩៨០: ចូលវគ្គបំប៉នវិស័យយោធារយះពេល០៩ខែ នៅសាលាជើងគោកភ្នំពេញ។
- ឆ្នាំ១៩៨២: ចូលរៀននៅសាលាបំពេញវិជ្ជាមជ្ឈិមភ្នំពេញ។
- ឆ្នាំ១៩៨៦: ប្រឡងជាប់ទុតិយភូមិ និងបន្តការសិក្សាមធ្យមជាន់ខ្ពស់កងទ័ពកម្ពុជា នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយះពេល០៣ឆ្នាំ។
- ឆ្នាំ១៩៨៨: ត្រឡប់មកពីទីក្រុងហាណូយ ចូលធ្វើការនៅក្រសួងការពារជាតិដដែល រហូតដល់់ឆ្នាំ១៩៩០ ជាប្រធានមន្ទីរនយោបាយស្នងការបច្ចេកទេសក្រសួងការពារជាតិ។
- ឆ្នាំ១៩៩០: រដ្ឋាភិបាលបានប្រគល់តួរនាទីមកធ្វើជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី។
- ឆ្នាំ២០០៥: មានតួរនាទីជាអភិបាលរងខេត្តរតនគិរី។
- ឆ្នាំ២០០៩: មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី។
-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២: មានតួនាទីជាសមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្តរតនគិរី។ - ឆ្នាំ២០១៧: រាជរដ្ឋាភិបាលបានបំពាក់ឋាន្តរស័ក្តកិត្តិយសថ្នាក់ឧត្តមសេនីយ៍ទោ។
-ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨: ចូលកាន់តំណែងជាតំណាងរាស្ត្រអាណត្តិទី៦ ប្រចាំមណ្ឌលខេត្តរតនគិរី នៅ២៧ ខែកញ្ញា ឆ្នាំ២០១៩៕ដោយ គតិ យុត្ត