ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំរឿងលោក ខឹម វាសនា ពាក់ព័ន្ធប្រជាពលរដ្ឋ លើជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ
សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឥឡូវពលរដ្ឋប្រមាណជាង ១០០០នាក់ទៀត ដែលកំពុងរស់នៅលើដីនោះ អាជ្ញាធរខេត្តព្រួយជាខ្លាំងលើបញ្ហាជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារៗនៅទីនោះ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត នឹងមានការអញ្ជើញចូលរួមពីសំណាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ស្ថាប័ននានា ជុំវិញខេត្ត លោកមេភូមិ មេឃុំ លោក អភិបាលរងស្រុក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក ជាច្រើននាក់ផងដែរ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ បានត្រួតពិនិត្យពិភាក្សា ទៅលើហេតុការណ៍ នឹងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កន្លងមកនោះ មកដល់ពេលនេះ មិនទាន់រំសាយអស់នៅឡើយទេ នៅប្រមាណជាង ១០០០នាក់ទៀត ទាំងនេះ គឺជាហេតុបង្កការព្រួយបារម្ភដល់អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង បរិស្ថាន អនាម័យសាធារណៈទូទៅ សំខាន់ការខកខានរបស់កុមារតូចៗ ដែលមិនបានរៀនសូត្រ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និង សហការគិតគូរដោះស្រាយជាបន្តបន្ទាប់ថែមទៀត។
លោក បន្តថា យើងបានពិភាក្សាជម្រុញដល់គ្រប់អង្គភាព-មន្ទីរស្ថាប័ន ថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ដើម្បីសហការរួមគ្នាផ្អែកលើជំនាញ ដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺឆ្លងរាតត្បាត និងផលប៉ះពាល់សំខាន់ៗ ជាច្រើនទៀត និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម៕ ដោយ ស៊ាន សុផាត