អ្នកនាំពាក្យ៖សម្តេចតេជោ ហ៊ុន សែន មិនជួបអ្នកគាំទ្រទ្រង់ទ្រាយធំនៅអាមេរិក ដោយសារកម្មវិធីមមាញឹកពេក
ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានលើកឡើងថាមូលហេតុដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចមិនជួបជាមួយអ្នកគាំទ្រនៅទឹកដីសហរដ្ឋអាមេរិកពេលនេះ គឺដោយសារទីមួយ កាលវិភាគរបស់ប្រមុខរដ្ឋាភិបាលមានភាពមមាញឹក ហើយហេតុផលទីពីរ គឺដោយសារតែលោកទើបតែជួបជាមួយអ្នកគាំទ្រនៅលើទឹកដីសហរដ្ឋអាមេរិកម្តងរួចទៅហើយ កាលពីអំឡុងខែឧសភា ក្នុងពេលដែលលោកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ការបញ្ជាក់របស់ឯកឧត្តម សុខ ឥសាន យ៉ាងដូច្នេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វ៊េសប៊ុក បានបញ្ជាក់ថាសម្តេចមិនអាចរៀបចំជំនួបជាមួយនឹងប្រជាពលរដ្ឋខ្មែរបានដោយសារតែពេលវេលានៅទីក្រុងញ៉ូវយកមានរយៈពេលខ្លី។ តាមរយៈសំណេរកាលពីថ្ងៃអង្គារ ទី២០ខែកញ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា ៖«ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដានិងសូមការអធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូវយ៉កមានរយៈពេលខ្លីនិងមានកម្មវិធី ច្រើន។ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីគឺសម្តេចសង្ឃឹមថាប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីអាមេរិកនិងកាណាដានឹងមានការយោគយល់ចំពោះការខាកខានជំនួប។
អ្នកតាមដាននយោបាយខ្លះយល់ថាឃើញ មូលហេតុទាំងពីរដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាអះអាង ពេលនេះហាក់ដូចជាមិនពិតទាំងស្រុងនោះទេ។អ្នកវិភាគនោះថា សម្តេចតេជោទំនងជាខ្លាចពួកប្រឆាំង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការវិភាគបែបនេះដោយលោកចាត់ទុកថាជារឿងសំណើចដែលអ្នកវិភាគស្មានជំនួសសម្តេចតេជោនាយករដ្ឋមន្ត្រីទៅវិញ។ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់ថា៖«យើងដឹង ហើយថាសម្តេចធ្លាប់មានវីរភាពដ៏អង់អាចក្លាហានណាស់នៅក្នុងសមរភូមិក៏ដូចជានៅក្នុងការប្រយុទ្ធដើម្បីសង្គ្រោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ ។អញ្ចឹងទេរឿងអីទៅខ្លាចស្បែកជើង។អាហ្នឹងខ្ញុំយល់ថា អ្នកវិភាគហ្នឹងវាគ្រាន់តែមានសតិអារម្មណ៍លម្អៀងខាងនយោបាយថាឲ្យសម្តេចខ្លាចញញើតស្បែកជើងគ្មានអីខ្លាចទេ»។
បើតាមឯកឧត្តម សុខ ឥសាន កិច្ចប្រជុំដែលសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមលើកនេះក៏នឹងមានការធានា សុវត្ថិភាពនិងសន្តិសុខពីសហរដ្ឋអាមេរិក។
គួរជម្រាបថា ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២១កញ្ញា បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកជាលើកទី២ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូវយ៉កចាប់ពីថ្ងៃ២១ដល់២៣កញ្ញា។បន្ទាប់ពីនោះសម្ដេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការទៅប្រទេសគុយបា រួចទៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវគេបាញ់សម្លាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕ដោយ៖សេក ប្រាក់