របាយការណ៍៖ ប្រាំឆ្នាំចុងក្រោយក្រសួងកិច្ចការនារីជួយដល់ ស្ដ្រីរងគ្រោះ ដោយអំពើហិង្សាទាក់ទងយេនឌ័រចំនួនជាង២.៥០០ករណី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្រ្ដីរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រមាន ចំនួន ២.៥៦៣ករណីបានទទួលសេវាប្រឹក្សាយោបល់ ផ្នែកច្បាប់ ផ្លូវចិត្ត អន្តរាគមន៍ និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និង តាមរយៈអនឡាញ ផ្ដល់ដោយពីក្រសួងកិច្ចការនារីនិងអង្គការ ដៃគូ។ករណីនេះត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី “សមិទ្ធផលសម្រេច បានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកិច្ចការនារី” នៅព្រឹកថ្ងៃ ពុធទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី (អគារមិត្តភាព)។

ចំពោះស្ដ្រីនិងក្មេងស្រី ដែលរងគ្រោះដោយសារអំពើហិង្សា នៅ ទូទាំង២៥ រាជធានីខេត្ត មានចំនួន៥៥២ករណី គឺត្រូវបានក្រុម ប្រឹក្សា ជាតិកម្ពុជាដើម្បីស្ដ្រី បានផ្ដល់សេវាជំនួយផ្នែកច្បាប់ ដោយ មិនគិតកម្រៃ។ ក្នុងនោះ សេវាមេធាវីការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ២៨៦ ករណីដោយកិច្ចសហប្រតិបត្តិការជាមួយ គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា មានមេធាវីស័្មគ្រចិត្តចំនួន ១៦៣រូប បានចូលរួមការពារក្ដីលើសំណុំរឿងស្រ្ដីនិងក្មេងស្រីរងគ្រោះ ដោយអំពើហិង្សា។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា បានប្រាប់ថាករណីអំពើហិង្សាលើស្រ្ដី និងក្មេងស្រីបច្ចុប្បន្ននេះ គឺមានភាពល្អប្រសើរជាងកាលពីមុន ដោយ សារតែករណីដែលកើតមានអំពើហិង្សាត្រូវបានថយចុះ វាមិនច្រើន ដូចមុនឡើយ។
លោកស្រី ញាណ សុចិត្រាលើកឡើងថា៖ «អ្វីដែលជាការបារម្ភនោះ យើងឃើញថាមានករណីហិង្សាដែលកើតឡើងនឹង គឺវាមាន លក្ខណៈ ធ្ងន់ធ្ងរ វាជាលក្ខណៈហិង្សាហើយ មានការសម្លាប់ និង រំលោភជាដើម»។

លោកស្រីបន្តថា កន្លងមកចំពោះស្ដ្រីនិងក្មេងស្រី ដែលរងគ្រោះ ដោយ សារអំពើហិង្សា គឺពួគគាត់ជាជនរងគ្រោះ មានសិទ្ធិទៅ រកសេវា ពីក្រសួងស្ថាប័នណាមួយក៏បានសម្រាប់អន្តរាគមន៍ និងរួមទាំងអង្គការសង្គមស៊ីវិលផងដែរ។

នាយិកាអង្គការក្លាហាន គឺកញ្ញា បុណ្យ រចនា បានប្រាប់ថា ស្ថានភាពអំពើហិង្សាទាក់ទងយេនឌ័រ ជាទូទៅមិនទាន់មានភាព ល្អប្រសើរឡើយពីព្រោះបើក្រឡេកទៅមើលព័ត៏មានដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្លូវការ ឬមិនផ្លូវការ គឺនូវមានករណីអំពើហិង្សា ដែល បៀតបៀនផ្លូវភេទ នៅតាមសាធារណៈ និងកន្លែងការងារនៅ បន្ត កើតមាន។ កញ្ញាបន្តថា អំពើហិង្សាដែលបង្កឡើងដោយដៃ គូស្និទ្ធសា្នល និងអំពើហិង្សាក្នុងគ្រួសារ ដែលជាក់ស្ដែងវា ត្រូវបាន គេរាយការណ៍ជារៀងរាល់ថ្ងៃ។

កញ្ញា បុណ្យ រចនាថា៖ «បច្ចុប្បន្ននេះ យើងមើលឃើញនូវ ករណី កង្វះខាត ទាំងផ្នែកគោលនយោបាយ និងផ្នែកធនធាន ហើយ និងចំណាត់ការជាក់ស្ដែង ចឹងអ្វីដែលរាជរដ្ឋាភិបាលត្រូវការធ្វើជា លក្ខណៈអាទិភាព គឺត្រូវដាក់នូវកញ្ចប់ថវិកាជាតិ ជំរុញក្នុង ការអភិវឌ្ឍគោលនយោបាយដែលមានស្រាប់ ដូចជាផែនការជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រនិងគោលនយោបាយនារីរតនៈដែលក្រសួងកិច្ចការនារីបានបង្កើតឡើងនឹង»។

កញ្ញាបន្ថែមថា ផែនការ និងគោលនយោបាយទាំងនេះកន្លងមក គឺបានអនុវត្តហើយប៉ុន្តែជាក់ស្ដែងការអនុវត្ត នេះវានៅមានកម្រិត ដោយសាររដ្ឋាភិបាលមិនបានដាក់ចេញនៅកញ្ចប់ថវិកាជាតិហើយមួយទៀតការអនុវត្តច្បាប់ព្រោះលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលរងអំពើហិង្សាគ្រប់ទម្រង់នៅមានកម្រិត៕
ដោយ៖ជា សុខនី

ads banner