រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដីជូនប្រទេសជាតិ មាតុភូមិ

ខេត្តស្ទឹងត្រែង៖ ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាសម្ព័ន្ធភាពឲ្យកាន់តែប្រសើរឡើង រវាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ និងក្រសួងបរិស្ថាន និងដើម្បីចលរួមលើកទឹកចិត្ដដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ រួមនិងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២១កញ្ញា ឆ្នំា២០២។

ឯកឧត្តម វង សូត បានមានប្រសាសន៍ថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយ ក្នុងការជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ ចែករំលែកផងដែរ ដែលក្រសួងសង្គមកិច្ច និងក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាព ជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ។

ឯកឧត្តមក៏បានថ្លែងអំណរអគុណ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីកាពារបូរណៈភាពទឹកដីឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិផងដែរ ។

សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ និងក្រសួងបរិស្ថាន បានចងសម្ព័ន្ធភាពជាមួយបញ្ជាការដ្ឋានយោធភូមិ ភាគ ទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នាបានល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ឧបត្ថម្ភគាំទ្រ ក្នុងការកសាងទីតាំង អង្គភាពការពារសន្តិសុខ និងការពារទឹកដីឲ្យកាន់តែរឹងមាំផងនោះទៀត ៕ដេង ម៉ាវិន

ads banner