កម្មករកាត់ដេរនឹងមានប្រាក់ឈ្នួលអប្បបរមា ២០០ដុល្លារនៅ ឆ្នាំ២០២៣
ភ្នំពេញ៖ ប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរ វាយនភណ្ឌផលិត ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ចំនួនបានដំឡើង ចំនូន៦ដុល្លារដែលផ្លាស់១៩៤ដុល្លារទៅ២០០ដុល្លារក្នុងមួយខែចាប់ពីឆ្នាំ២០២៣។នេះជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ ពីមានភាពចម្រូងចម្រាស់ជាច្រើនលើកពីភាគីតំណាងកម្មករនយោជិត និងភាគីនិយោជកកន្លងមក។ក្រុមសហជីពមួយចំនួនយល់ថា ការ ដំឡើងនេះនៅមានកម្រិតតិចតួចនៅឡើយចំពោះជីវភាពកម្មកររោងចក្រ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាបាន សម្រេច លទ្ធផលពីការបោះឆ្នោតជាសម្ងាត់ដោយកំណត់យក តួលេខ១៩៨ ដុល្លារ ស្របតាម ការចង់បានពីភាគីតំណាងនិយោជក ក្នុងចំណោម តួលេខ៤ ក្នុងនោះរួមមាន (១)១៩៨ដុល្លារ (២)២០៦ដុល្លារ (៣) ២០១០ដុល្លារនិង(៤)២១៣ដុល្លារដោយក្រុមប្រឹក្សានេះអះអាងថាជាការកំណត់ដោយបទដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ ។
សេចក្តីប្រកាសព័ត៌មានដដែលដើម្បីបង្គ្រប់ ២០០ដុល្លារ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែម ២ដុល្លារទៀត បន្ថែម លើប្រាក់ឈ្នូលគោល ១៩៨ដុល្លារ ដែលក្រុមប្រឹក្សាជាតិប្រាក់ ឈ្នូលអប្បរមារបានកំណត់ ។ សម្រាប់ជួយសម្រួលបន្ទុកកម្មករនិយោជិតក្នុងស្ថានភាពសង្គមកម្ពុជាបង្កើតភាពស៊ាំក្នុងសហគមន៍នាគន្លងប្រក្រតីភាពថ្មី និងផល ប៉ះពាល់ ពីកំណើនអតិផរណាពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
កម្មករ និយោជិត ដែលទទួលបានប្រាក់ឈ្នួល គិតតាមបរិមាណ ផលិតផល(ដើរស៊ីបុង)ត្រូវទទួលបានប្រាក់ ឈ្នួល តាមទិន្នផល ជាក់ស្ដែង ដែលធ្វើបាន។ក្រៅពីនេះចំពោះប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត ដែលកម្មករ និយោជិត ធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយល់ថាទោះបីជា មានការដំឡើងប្រាក់ ឈ្នួលតិចតួចនៅឆ្នាំ២០២៣ខាងមុខពិតមែនប៉ុន្តែវាប្រសើរជាងឆ្នាំ២០២២នេះដែរហើយវាមានកម្រិតខ្ពស់បើធៀបទៅនឹងបណ្តាប្រទេសនាំចេញសម្លៀកបំពាក់វាយភណ្ឌដទៃៗទៀតហើយភាគីរដ្ឋាភិបាលនឹងពិនិត្យសំណើរផ្សងៗទៀតនាពេលខាងមុខតាមវិធីសាស្ត្របទដ្ឋានផ្សេងៗដើម្បីដំឡើងប្រាក់ឈ្នូលអប្បបរមាដល់កម្មករនិយោជិត។
ឯកឧត្តម ហេង សួរ បន្ថែមថា រដ្ឋាភិបាលនឹងខិតខំទាក់ទាញ វិនិយោគ ទុនបន្ថែមទៀតដើម្បីបង្កើតការងារបន្ថែមក្នុង ន័យជួយ លើកស្ទួយកម្រិតជីវភាពប្រជាជនកម្ពុជាដោយលោកលើកឧទាហរណ៍ដូច្នេះថា៖«បើសិនជាយើងអាច រក្សាការងារចាស់ហើយបង្កើត ការងារថ្មីនោះនឹងអាចជួយឲ្យជីវភាពពលរដ្ឋតាមគ្រួសារនីមួយៗកាន់តែប្រសើរឡើង។បើសិនគ្រួសារមួយមានសមាជិកម្នាក់មានការងារ បានប្រាក់ខែប៉ុណ្ណេះហើយបន្ទាប់មានកូនមួយទៀតមានការងារ ធ្វើបានប្រាក់ខែបន្ថែមទៀត នោះនឹងជួយជីវភាពគ្រួសារកាន់តែ ប្រសើរ បើ យើងថ្លឹងថ្លែងមើលតាមលក្ខណៈ បច្ចេកទេស និងការ ប្រកួតប្រជែងនោះ »។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)យល់ឃើញ ថា ការដំឡើងប្រាក់ឈ្នួល ៦ដុល្លារនេះ មិនអាចឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់កម្មករនិយោជិតបានឡើយចំពោះការកើនឡើងតម្រូវការ និងទំនិញឡើងថ្លៃជាពិសេសនេះដោយ លោក បញ្ជាក់ថា កន្លងមកកម្មករ និយោជិតកាត់ដេរបានបង្ខំចិត្តធ្វើការ ថែមម៉ោង ធ្វើការច្រើនវេន និងខ្លះថែមទាំងឆ្លៀតធ្វើការងារ នានា បន្ថែមផង ដើម្បីឆ្លើយតបតម្រូវការប្រចាំថ្ងៃ។
លោកអាត់ ធន់ បន្តថា៖ «ឥឡូវនេះ ប្រាក់ឈ្នូលយើងឡើង មិន បានខ្ពស់ទៀត។ អ៊ីចឹងវាអាចថាដោះស្រាយបាន តិចតួចវាមិនអាច បានច្រើនដូចអ្វីដែលយើងគិតថាពួកគាត់គួរទទួលបានវាមិនអាចដោះស្រាយជីវភាពពួកគាត់បានទេ» ។
ប្រធានសហភាពការងារកម្ពុជារូបនេះអំពាវដល់រដ្ឋាភិបាលកម្ពុជាជួយសម្រួលជីវភាពកម្មករផងតាម រយៈការបញ្ចុះ ថ្លៃទឹក ថ្លៃអគ្គិសនី ទំនិញលក់តាមទីផ្សារនានា និងថ្លៃផ្ទះជួលជាដើមឲ្យនៅក្នុងកម្រិត សមរម្យមួយ ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)វិញបានយល់ស្របលើការសម្រេច របស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមានេះ ដែលសម្រេចប្រាក់ឈ្នូលគោល ដល់ កម្មករនិយោជិតចំនួន ២០០ដុល្លារនៅឆ្នាំក្រោយដែលលោក ថា មានភាពសមរម្យណាស់ទៅហើយដែលកម្មករអាចទទូលបានប្រាក់ឈ្នូល ច្រើនជាង ២០០ដុល្លារនេះ តាមរយៈប្រាក់ឧបត្ថម្ភនានា ទៀត។
គួររំឮកថាកន្លងមកកម្មករ-កម្មការិនីបម្រើការងារតាមរោងចក្រមួយ ចំនួនបាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលគោល ចំនួន ២១៥ដុល្លារ ខណៈរដ្ឋាភិបាលកំពុងពិភាក្សាជាមួយភាគី ពាក់ព័ន្ធ អំពីការដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ដោយពួកគាត់អះអាងថា ដើម្បីទប់ទល់នឹងការ ឡើង ថ្លៃខ្ពស់នូវទំនិញក្នុងទីផ្សារ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា