ស្ថាបនិកពិព័រណ៍ឧត្តមសិក្សាអំពាវនាវឱ្យសិស្សានុសិស្សចូលរួមពិព័រណ៍ដើម្បីស្វែងរកឱកាសសិក្សា និងអាហារូបករណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថាបនិកនៃពិព័រណ៍ឧត្តមសិក្សាកញ្ញា ហៀម ចិត្រា បាន លើក ឡើងថា ពិព័រណ៍ឧត្តមសិក្សាលើកទី ៣ នេះ គឺជាកន្លែង មួយ ដែលបង្កើតឱកាសដល់សិស្សវិទ្យាល័យ ជាពិសេសសិស្សទី ១២ សម្រាប់ទទួលបានព័ត៌មាន ពីការចូលសិក្សានិងអាហារូបករណ៍ នៅសាកលវិទ្យាល័យដែលរួមមានដូចជាដំណឹងទាក់ទងទៅនឹងមុខវិជ្ជាដែលពួកគេស្រឡាញ់ប៉ងចូលរៀនឬកំពុងស្វែងរក។ ម៉្យាង ទៀតកម្មវិធីនេះក៏ជាការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាខាងវិស័យអប់រំ ដើម្បីរួមចំណែកបង្កើនចំនួននិស្សិតចូលរៀននៅថ្នាក់ឧត្តម។

ពិព័រណ៍ដែលមានរយៈពេលពីរថ្ងៃ នឹងប្រព្រឹត្តទៅនៅទីធ្លារបស់ ផ្សារអូឡាំព្យា ដោយមានជាស្ដង់ចំនួនជាង ៦០។ វត្តមាននៃ ស្ថាប័ន អប់រំ គឺមានទាំងស្ថាបនរដ្ឋ និងឯកជន ដើម្បីបង្កើតជាភាព ចម្រុះនៃ មុខវិជ្ជា ក៏ដូចជាសាលាក្នុងការ បំពេញតម្រូវការសិក្សាដល់ សិស្សានុ សិស្សដែលកំពុងស្វែងរក។ ក្រៅពីស្ដង់របស់សាកលវិទ្យាល័យ នានាអ្នកចូល រួមក៏អាចស្វែងរកស្ដង់លក់សៀវភៅ និងស្ដង់លក់ ម្ហូបអាហារផងដែរ។

ស្ថាបនិកវ័យ ២៨ ឆ្នាំរូបនេះលើកទឹកចិត្តសិស្សានុសិស្សឱ្យចូលរួម ព្រោះកញ្ញាផ្ទាល់យល់ថាកម្មវិធីនេះនឹងជួយ ឱ្យសិស្សអាច«បើក ទូលាយឱ្យខ្លួនឯងមើលពិភពលោកធំជាងមុនបើកទូលាយឱ្យខ្លួនឯងមើលឃើញពីចំណង់ចំណូលចិត្តខ្លួនឯងឱ្យពិតប្រាកដ»តាមរយៈការទទួលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ទីពីរពួកគេនឹងទទួលបាន ការជួយត្រួសត្រាយផ្លូវដំបូន្មានជាពិសេសការលើកទឹកចិត្តសម្រាប់ត្រៀមពេលដែលពួកគេនឹងឆ្លងកាត់ពេលចូលរៀននៅសាកលវិទ្យាល័យ ពីវាគ្មិនដែលពួកគាត់បានឆ្លងកាត់ជីវិតអ្នកសិក្សាពីមុនមក។ ទីបីអ្នកចូលរួមអាចទទួលបានការ កម្សាន្ដសប្បាយ និងការបង្កើត ទំនាក់ទំនងជាមួយមិត្តភក្តិនិងអ្នកចូលរួមដទៃទៀត។ ចុងក្រោយ សិស្សានុសិស្ស គឺ នឹងមានឱកាសទទួលបានព័ត៌មាន អាហារូបករណ៍ ឱកាសការងារស្ម័គ្រចិត្តនិងការហាត់ការពី ស្ថាប័នផ្សេងៗ។

និស្សិតឆ្នាំសិក្សាមូលដ្ឋាននៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លី សាណូ បានបង្ហាញពីបទពិសោធន៍ដែលបាន ចូលរួមពិពរ័ណ៍ ឧត្តមសិក្សា កាលពីឆ្នាំ ២០១៩។ លើសពីព័ត៌មានចូលរៀន ថ្នាក់សាកល កម្មវិធីមួយនេះបានធ្វើឱ្យ លោកផ្ទាល់ឃើញអ្វីដែល ថ្មីប្លែកដែលមិនដែលទទួលបាននៅថ្នាក់វិទ្យាល័យ។លោកក៏ បានទទួលទាំងការកម្សាន្ដសប្បាយពីស្ដង់សកលវិទ្យាល័យផ្សេងៗដែលបានបង្កប់ក្នុងសកម្មភាពកម្សាន្ដដូចជាការចូលរួមឆ្លើយសំណួរហើយបានរង្វាន់ និងការចូលរួមអនុវត្តផ្ទាល់ ដូចជាការពិសោធន៍ គីមីវិទ្យា និងការទស្សនាពីស្នាដៃគម្រូអគារដែល ផលិតដោយ និស្សិតផ្នែកស្ថាបត្យកម្មជាដើម។

ពិព័រណ៍ឧត្តមសិក្សាលើកទី៣ នឹងប្រារព្ធធ្វើនៅថ្ងៃទី ១៥ និង ១៦ ខែតុលា ឆ្នាំ ២០២២ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារ ទំនើបអូឡាំព្យា។ សិស្សានុសិស្ស និស្សិត សាធារណជន អាច ចូលរួមដោយសេរី ដើម្បីស្វែងយល់ពីព័ត៌មាននៃការ ចូលរៀននៅ សាកលវិទ្យាល័យផ្សេងៗ ក៏ដូចជាដំណឹងអាហារូបករណ៍នានា ហើយក៏អាចទទួលបានចំណេះដឹង និងការលើកទឹកចិត្តពីសំណាក់ វាគ្មិនទាក់ទិនទៅនឹងការសិក្សាថ្នាក់ឧត្តមសិក្សារួមទាំងការកម្សាន្ដ៕ ដោយ៖ វ័ន្ដ ច័ន្ទមករា

ads banner