សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិក (Sound inside) ហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិកហើយនៅវេលាម៉ោងប្រមាណ ៦៖៤០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា (ម៉ោងនៅអាឡាស់ស្កា) ត្រូវនឹងម៉ោងប្រមាណ ៩៖៤០នាទីយប់(ម៉ោងនៅកម្ពុជា)។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងកំលុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប, លោកស្រី សេក្ខ ហាស៉ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

បន្ទាប់បញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នឹងបន្តហោះទៅកាន់នៅរដ្ឋធានីហាវាណា ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា។

ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរអញ្ជើញចូលរួមពិធីបុណ្យសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner