សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូរសុវណ្ណ ហៅវត្ត ត្រពាំងព្រីង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះ ជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុតចំពោះពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់មួយនេះ ដោយ ក្នុងឱកាសនេះសម្តេចក៏បានប្រកាសផ្តល់នូវថវិកាចំនួន ៨ពាន់ ៥០០ដុល្លារអាមេរិក សម្រាប់កសាង សាលាតម្កល់សពនៅឈាបនដ្ឋានវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងផងដែរ ។

សូមជម្រាបជូនថា វត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ជាវត្តមានវ័យចំណាស់មួយដែលស្ថិតនៅ ជិតព្រំដែនប្រទេសវៀតណាម ជាទីកន្លែងដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ធ្លាប់បានបួស និងសិក្សារៀនសូត្រជាមួយព្រះសង្ឃកាលពីសម្តេចនៅកុមារភាព ហើយបន្ទាប់ពីបានក្លាយ ជាអ្នកដឹកនាំប្រទេសមួយរូបនៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្តេចប្រធានរដ្ឋសភាបានចូលរួម ចំណែកយ៉ាងសកម្មបំផុតក្នុងការអភិវឌ្ឍទីអារាមវត្តមួយនេះឱ្យសក្តិសមជាកន្លែងធ្វើបុណ្យចំពោះពុទ្ធសាសនារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។

ឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងពីតម្លៃនៃសុខសន្តិភាព ដែលយើងទាំងអស់គ្នារកមកបានដោយលំបាកលំបិនបំផុត ដោយសម្តេចបានគូសបញ្ជាក់ថា សូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាម ចម្បាំង រាំងជល់ ដែលប្រជាជាតិកម្ពុជាធ្លាប់បានហែលឆ្លងកាត់អស់ជាច្រើនឆ្នាំនាពេលកន្លងទៅ ជាពិសេសការ កាន់កាប់ប្រទេសជាតិដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាអ្នកឈ្នះសង្គ្រាមលើរបប លន់ ណល់ ពួកវាបានកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់ និងបានបំបាត់សាសនាទាំងស្រុង។

ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំពីផលវិបាកនៃសង្គ្រាម ដោយត្រូវរួបរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃ ហើយត្រូវបន្តខិតខំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។ សម្តេបានបន្តថា យើងមានឱកាសមកជួបជុំគ្នាធ្វើបុណ្យ ធ្វើទានបានដូចថ្ងៃនេះ គឺ អាស្រ័យដោយប្រទេសជាតិយើងគ្មានសង្គ្រាម ដូចកាលពីអតីតកាល បើពុំដូច្នោះទេគឺយើងទាំងអស់គ្នាគ្មានឱកាសបានជួបជុំធ្វើបុណ្យពេលនេះសោះហើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគេនដល់វត្តជម្ពូរ សុវណ្ណ ហៅវត្តត្រពាំងព្រីងចំនួន ៥លានរៀល និងទេយ្យទានមួយចំនួនរួមមាន អង្ករ ៣០០គីឡូក្រាម ទឹកក្រូច ១៣កេស ទឹកសុទ្ធ ១៣កេស ទឹកដោះគោ ៣កេស ស្ករស ៥០គីឡូក្រាម ត្រីខ ៣កេស មី ៤កេស កាហ្វេ តែ ប៊ីចេង ៥០គីឡូក្រាម អំបិល ១០គីឡូក្រាម ទឹកស៊ីអុីវ ១០យួរ ផ្លែឈើ ៥កន្ត្រក នំ ៣៣កញ្ចប់ ព្រមទាំងបានចែកជូនលោកយាយ លោកតាចំនួន ១០០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ១ ម៉ឺនរៀលផងដែរ ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner