ទូតម៉ាឡេស៊ីថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលជួយបំបាត់ការឆបោកការងារលើប្រជាជនម៉ាឡេស៊ី
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Datuk Eldeen Husaini បានថ្លែង អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបានជួយលុប បំបាត់បញ្ហាជុំវិញបញ្ហាឆបោកការងារលើប្រជាជនម៉ាឡេស៊ីជាច្រើននិងកំពុងត្រូវបានសង្គ្រោះដោយអាជ្ញាធរកម្ពុជាហើយបានបញ្ជូនទៅផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
លោកទូតបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននាសណ្ឋាគារណាហ្គាវើលព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានពង្រឹងមិត្តភាព ទ្វេភាគីយ៉ាងខ្លាំងរវាងប្រទេសម៉ាឡេស៊ីនិងកម្ពុជា។ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាដែលបានធ្វើការគាំទ្រយ៉ាងខ្លាំងក្នុងការធានាឱ្យប្រជាជនម៉ាឡេស៊ីជាច្រើននាក់ត្រូវបានជួយសង្គ្រោះ។
សូមជម្រាបថា លោក ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah)រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅកម្ពុជានាថ្ងៃទី៩ ខែកញ្ញាកន្លងទៅថ្មីៗនេះ ។ក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជាលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួនដែលរងគ្រោះដោយសារការបោកប្រាស់ការងារ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានសរសេរនៅលើហ្វេសប៊ុកថា “មកដល់ភ្នំពេញ ខ្ញុំបានចូលសួរសុខទុក្ខនិងចំណាយ ពេលជាមួយជនរងគ្រោះជាប់គាំងនៅកម្ពុជា។ ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ បានផ្តល់កន្លែងស្នាក់នៅនិងអាហារ ខណៈដែលពួកគេរង់ចាំត្រឡប់ទៅផ្ទះវិញល្ងាចនេះ។ ខ្ញុំក៏បានទៅសួរសុខទុក្ខពលរដ្ឋម៉ាឡេស៊ីចំនួនប្រាំពីរនាក់ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងបន្ទប់ឃុំខ្លួនអន្តោប្រវេសន៍ដើម្បីស្វែងរកស្ថានភាពនិងសុខុមាលភាពពិតប្រាកដរបស់ពួកគេ។រដ្ឋាភិបាលក៏កំពុងធ្វើការដើម្បីនាំពួកគេទៅម៉ាឡេស៊ីវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
គួរបញ្ជាក់ដែរថា ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោក Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងាររយៈពេលខ្លីមកទីក្រុងភ្នំពេញកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងសមភាគីម៉ាឡេស៊ីបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ “ជំនួយជាច្រើន” និងការធ្វើការងារដ៏អស្ចារ្យ” ដើម្បីជួយសង្គ្រោះជនរងគ្រោះ។លោកក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិម៉ាឡេស៊ីជាច្រើននាក់ ដែលចូលមកប្រទេសកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការដោយជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលរងគ្រោះដោយសារការបោកប្រាស់ការងារ៕ ដោយ៖ ពលជ័យ