រំភើបជំនួស..! ស្ត្រី២នាក់ម្តាយ កូន និងប្អូនម្នាក់ពិតជាសំណាងណាស់បានរកឃើញម៉ូតូរបស់ខ្លួនដែលបាត់កន្លងមក ហើយ ឯកឧត្តម ឃ្លាំង ហួត ជូនសោហ៊ុយត្រឡប់ទៅផ្ទះវិញថែមទៀត
ភ្នំពេញ ៖ ស្ត្រី ២នាក់ម្តាយ កូន និងប្អូនម្នាក់ពិតជាសំណាងណាស់ ក្រោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងបញ្ចាំម៉ូតូនៅផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនោះ បានរកឃើញម៉ូតូរបស់ខ្លួនដែលត្រូវគេបានដាក់ថ្នាំល្បួងយកមកបញ្ចាំ ហើយក៏បានអរគុណដល់ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ យ៉ាងខ្លាំងចំពោះចំណាត់ការដ៏ក្តៅគគុកនេះ ដើម្បីបង្ក្រាបបទល្មើសលួចឆក់ប្លន់ ល្បែងស៊ីសង ឲ្យអស់ពីមូលដ្ឋាន ដោយជីកឬសគល់ ចេញពីបញ្ហាអសន្តិសុខសង្គម ។
ដោយក្តីអាណិត ឯកឧត្តម ឃ្លាំង ហួត បានផ្តល់ថវិកាដល់ស្ត្រីជាម្តាយ ១០ម៉ឺនរៀល និងកូនស្រី ១០ម៉ឺនរៀល ធ្វើជាសោហ៊ុយត្រឡប់ទៅផ្ទះវិញទៀតផង ។ មិនតែប៉ុណ្ណោះ ប្អូនម្នាក់ទៀត ដែលត្រូវបានមិត្តភក្តិ ឆបោកធ្វើជាសុំខ្ចីម៉ូតូទៅទិញអីមួយភ្លែត ហើយយកម៉ូតូមកដាក់បញ្ចាំបាត់ទុកឲ្យខ្លួនរកលុយមកបង់រំលោះយកម៉ូតូនោះ ក៏បានស្កាត់មកប្តឹង ឯកឧត្តម ឃ្លាំង ហួត ដោយ ផ្ទាល់ខណៈកំពុងបន្តប្រតិបត្តិការត្រួតពិនិត្យ និងបាននាំប្អូនម្នាក់នោះ មកស្វែងរកម៉ូតូរបស់ខ្លួន រហូតទាល់តែឃើញ និងប្រគល់ឲ្យវិញភ្លាមៗ តែម្តង ដែលចំណាត់ការនេះ មានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ៕ដោយ ៖ ភារ៉ា និងប៊ុនធី