ក្រសួងផែនការប្រកាសផ្សព្វផ្សាយរបាយការណ៍ចុងក្រោយស្ដីពីអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ ជាប្រយោជន៍ សម្រាប់ធាតុចូលក្នុងការរៀបចំ និងបង្កើតគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ចុងក្រោយស្ដីពីអង្កេតសិកម្មកម្ពុជាឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី២២កញ្ញានេះ មានប្រសាសន៍ថា របាយការណ៍លទ្ធផលនៃការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ នេះ គឺជារបាយការណ៍លើកទី ២ ត្រូវបានផ្សព្វផ្សាយ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ប្រចាំឆ្នាំនូវទិន្នន័យជំរឿនគោល ដើម្បីចងក្រងស្ថិតិសេដ្ឋកិច្ចកសិកម្មត្រឹមត្រូវគួរទុកចិត្តបានឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកធ្វើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនិងបរិស្ថានជាពិសេស ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំនិងបង្កើតគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជានិងការកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិសហគមន៍ជាតិនិងអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការងារអង្កេតកសិកម្មកម្ពុជាគឺជាតម្រូវការចាំបាច់មិនអាចខ្វះបានដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជាស៊េរីដែលឆ្លុះបញ្ចាំងអំពីទិន្នន័យព័ត៌មានផ្នែកបច្ចេកទេសកសិកម្មបរិស្ថានសេដ្ឋកិច្ចនិងសង្គម ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារកសិកម្ម ប្រភេទហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងសូចនាករផ្សេងៗទៀតសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទិន្នន័យចាំបាច់កើនឡើងជាលំដាប់របស់អ្នកប្រើប្រាស់ពីបណ្ដាក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាសហគមន៍ជាតិនិងអន្តរជាតិដើម្បីធ្វើជាមូលដ្ឋានគ្រឹះនិងធាតុចូលក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មនិងគោលនយោ បាយអភិវឌ្ឍន៍សេដ្ឋកិច្ចបរិស្ថាននិងសង្គមឲ្យកាន់តែល្អប្រសើរ។
លើសពីនេះរបាយការណ៍លទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២០គឺជាសមិទ្ធ ផលទិន្នន័យស្ថិតិថ្មីមួយទៀតពាក់ព័ន្ធក្នុងវិស័យកសិកម្មដែលនាំឲ្យមានទិន្នន័យកាន់តែសម្បូរបែបក្នុងវិស័យកសិកម្មនៅកម្ពុជាដែលមានគោលដៅសំខាន់ៗក្នុងការវិភាគត្រួតពិនិត្យតាមដានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានឲ្យដឹងថាលទ្ធផលដ៏ជោគជ័យនៃការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ គឺជាមូលដ្ឋានគ្រឹះនៃ ការរៀបចំនិងបង្កើតគោលនយោបាយអនុវត្តវិស័យកសិកម្មនៅកម្ពុជានិងគោលនយោបាយកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងការលើកកម្ពស់សុកុមាលភាពប្រជាជនកម្ពុជាឲ្យកាន់តែមានជីវភាពល្អប្រសើរថែមទៀតដើម្បីឆ្ពោះទៅសម្រេចបាននៅចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអង្គការស ហប្រជាជាតិ។
លោកជំទាវបានគូសបញ្ជាក់ទៀតថារបាយការណ៍ស្ដីពីលទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ បានបង្ហាញនូវរបក គំហើញអំពីសូចនករសំខាន់ៗរួមមាន ១ ចរិតលក្ខណៈនៃគ្រួសារកាន់កាប់កសិកម្ម.២ផលិតផលដំណាំ.៣ការចិញ្ចឹមសត្វនិងបសុបក្សី .៤ វារីវប្បកម្មនិងការនេសាទ.៥សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកាន់ កាប់កសិកម្ម .៦ គ្រួសារកសិកម្មនិងប្រជាសាស្ត្រ .៧ កម្លាំងពលកម្មក្នុងវិស័យកសិកម្មនិងសូចនាករចំណុចទី២.៣.១ស្ដីពីផលិតភាពកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិនិង ៨ ព័ត៌មានសហគ្រាសកសិកម្មខ្នាតធំនៅកម្ពុជា ៕ ដោយ,រ៉ាវុធ