អគ្គមេធាវីញូវយ៉កប្ដឹងលោកត្រាំ និងកូនៗបីនាក់ ជុំវិញករណី ប្រព្រឹត្តិ បទល្មើសហិរញ្ញវត្ថុ
អាមេរិក៖អគ្គមេធាវីក្រុងញូវយ៉កលោកស្រី Letitia James បានប្ដឹង អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងកូនៗបី នាក់ របស់លោក ដោយចោទប្រកាន់ពីបទក្លែងបន្លំ និងការបំភាន់រក ផលចំណេញទ្រង់ទ្រាយធំ តាមរយៈការបំប៉ោងតួ លេខទ្រព្យសម្បត្តិ រាប់ពាន់លានដុល្លារនិងចេញរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗដោយបំភាន់ខុសពីការពិត។
ពាក្យបណ្ដឹងដាក់ជូនទៅតុលាការក្រុងញូវយ៉កកាលពីថ្ងៃពុធ ទី២១ ខែកញ្ញា នេះ លោកស្រី James បានចោទប្រកាន់ អង្គការត្រាំ (Trump Organization)ថាបានបង្ខុសរបាយការណ៍ហិរញ្ញ វត្ថុ ប្រចាំឆ្នាំរបស់លោកត្រាំ ចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១។
ពាក្យបណ្ដឹងដដែល ក៏មានដាក់ឈ្មោះចុងជាប់ចោទផ្សេងទៀត ដែលជាកូនប្រុសស្រីរបស់លោកត្រាំ រួមមានលោក Donald Trump Jr. លោក Eric Trump និងលោកស្រី Ivanka Trump ។
លោកស្រីអគ្គមេធាវី James ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃពុធថា ការិយាល័យរបស់លោកស្រី បានរកឃើញភស្តុតាងជាង ២០០ ពី ការវាយតម្លៃទ្រព្យសម្បត្តិ ដែលធ្វើឡើងដោយបំភាន់។
ពាក្យបណ្ដឹងរបស់លោកស្រី បានភ្ជាប់ថា របាយការណ៍ពី ទ្រព្យ សម្បត្តិចំនួន ២៣ របស់ត្រកូលត្រាំត្រូវបានបំប៉ោងនិងក្លែងបន្លំ។
ពាក្យបណ្ដឹងដដែលចោទប្រកាន់ថា ការបំប៉ោងទ្រព្យសម្បត្តិ របស់ លោក ត្រាំ ធ្វើឡើងដើម្បីឱ្យធនាគារផ្ដល់ប្រាក់កម្ចីឱ្យ ក្រុមហ៊ុន របស់លោកខ្ចី ព្រមទាំងបញ្ចុះបញ្ចូលក្រុមហ៊ុនធានារ៉ាប់រងឱ្យ ផ្តល់ ការធានារ៉ាប់រង ដោយទាញប្រយោជន៍ពន្ធ និងគោលបំណងផ្សេងៗ ទៀត។
លោកស្រី James ថា ពាក្យបណ្ដឹងរបស់លោកស្រីសុំឱ្យមាន ការរារាំង ជា អចិន្ត្រៃយ៍ចំពោះលោកត្រាំ និងកូនទាំង៣នាក់របស់លោក ពីការ បម្រើការងារជាអ្នករដ្ឋការ ឬនាយកនៃសាជីវកម្មក្នុងទីក្រុងញូវយ៉ក ណាមួយ ។ពាក្យបណ្ដឹងក៏ហាមឃាត់លោកត្រាំ និងអង្គការត្រាំពីការ ទិញអចលនាទ្រព្យក្នុងទីក្រុងញូវយ៉ករយៈពេលប្រាំឆ្នាំ និងសង ប្រាក់ ដែលខ្លួនរកបានពីការក្លែងបន្លំ សរុបប្រមាណ ២៥០ លានដុល្លារម កវិញ។
ទោះយ៉ាងណាក៏ដោយ លោក ត្រាំ ដែលត្រៀមខ្លួនឈរឈ្មោះជា បេក្ខភាព ប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ បានចំអក ខ្លាំងទៅលោកស្រី James ថា៖ លោកស្រី Jamesគឺជាអ្នកក្លែងបន្លំ ដែលមានចេតនា«ផ្ដួលត្រាំ» នៅក្នុងស្ថានភាពដែលក្រុងញូវយ៉កដែល ស្ថិតក្រោមការឃ្លាំមើលរបស់លោកស្រីសំបូរទៅដោយឧក្រិដ្ឋកម្ម និងឃាតកម្ម។
មេធាវីរបស់លោក ត្រាំ លោកស្រី Alina Habba អះអាងក្នុងសេចក្តី ថ្លែងការណ៍មួយដោយហៅការចោទប្រកាន់ថា៖ «ការិយាល័យអគ្គ មេធាវី[របស់លោកស្រី James ] បានធ្វើលើសពីសិទ្ធិអំណាច ច្បាប់ របស់ខ្លួនឯង »។
គួរបញ្ជាក់ថា លោក ត្រាំ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាច្រើន។ កាលពីដើមខែសីហា ទីភ្នាក់ងារស៊ើបអង្កេត FBI បានចុះឆែកឆេរ ផ្ទះរបស់លោកនៅរដ្ឋផ្លរីដា និងរឹបអូសបានឯកសារ សម្ងាត់របស់ រដ្ឋាភិបាលជាង ១០០ ដែលលោកត្រាំ យកទៅទុកនៅទីនោះ ដោយខុសច្បាប់ ក្រោយអាណត្តិរបស់លោកត្រូវបានបញ្ចប់។ អតីតប្រធានាធិបតីរូបនេះ ក៏ប្រឈមមុខនឹងការស៊ើបអង្កេត ឧក្រិដ្ឋកម្មនៅរដ្ឋចចចាផងដែរ ជុំវិញការប្រឹងប្រែងរបស់លោក ក្នុងការមិនទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ ២០២០។ ប៉ុន្តែលោក តែងតែច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Trump, adult children sued by New York attorney general for fraud www.reuters.com