ហ្វីលីពីន​​នឹង​​បិទ​​ក្រុម​ហ៊ុន​​ល្បែង​​ស៊ី​សង​​​បរទេស​ជាង​ ១៧០ និង​និរទេស​បុគ្គលិកជនជាតិ​​ចិន​​រាប់​ម៉ឺននាក់ 

ហ្វីលីពីន​​៖មន្ត្រីនាំ​ពាក្យ​​ក្រសួង​យុត្តិធម៌​ហ្វីលីពីន ​​​បាន​អះអាង​កាល​ពី​ថ្ងៃ​ចន្ទ​ ទី ២៦ ​ខែ​កញ្ញាថា​ ​ហ្វីលីពីន​នឹង​បិទ​​ប្រតិបត្តិការ​​​ក្រុមហ៊ុន​ល្បែង​ស៊ីសង​បរទេស​ចំនួន​១៧៥និង​និរទេស​បុគ្គលិក​ជា​ជន​ជាតិ​ចិន ​ប្រហែល​បួនម៉ឺននាក់​។ ​ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។

ការ​បិទនេះ​​ គឺ​ជា​ផ្នែក​មួយ​នៃ​​ការ​បង្រ្កាប​លើវិស័យ​ល្បែងស៊ីសង​​​អនឡាញ​ក្នុង​ប្រទេស​របស់​ខ្លួន​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ Jose Dominic Clavano ​បាន​ថ្លែង​ថា​៖ «​ការ​បង្រ្កាប​​​​ ធ្វើ​ឡើង​ដោយ​សារ​តែ​មាន​​របាយការណ៍​នៃ​ឃាតកម្ម​ ការ​ចាប់​ជំរិត​ និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ ដែល​ជនជាតិចិន​ខ្លួន​ឯង​ បាន​​​ប្រព្រឹត្ត​​ដាក់​ជនជាតិ​ចិន​ផ្សេង​ទៀត​» ។ ​

លើស​ពី​នេះ​លោក Clavano អះអាង​ថា​ ក្រុមហ៊ុន​ប្រតិបត្តិករ​ល្បែង​ស៊ី​សង​របស់​បរទេស​នៅ​​ហ្វីលីពីន​ (POGOs)​ដែល​ត្រូវ​បិទ​​​គឺ​ដោយ​សារ​តែ​អាជ្ញាប័ណ្ណ​របស់​ពួក​គេអស់​សុពល​ភាព​​ឬ​ត្រូវ​បាន​ដកហូត​​ចំពោះ​ការ​រំលោភ​បំពាន​​ផ្សេង​ៗ​ ដូច​ជា​ការ​មិន​បង់​ប្រាក់​​ឱ្យ​​រដ្ឋា​ភិបាល​ជាដើម​។ ​មន្រ្តី​នាំ​ពាក្យ​ដដែល​បន្ថែម​ថា​ ការ​​​និរទេស​បុគ្គលិក​ជនជាតិ​ចិន​ នឹង​​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ​។​

ជុំ​វិញ​បញ្ហា​នេះ​ ស្ថាន​ទូត​ចិន​ប្រចាំ​​ទីក្រុង​ម៉ានីឡា​ ថ្លែង​​ក្នុង​​សេចក្តី​ថ្លែងការណ៍​​ថា​​ ទីក្រុង​ប៉េកាំង​​​គាំទ្រ​ការ​និរទេស​ និង​ការ​បង្រ្កាប​ឧក្រិដ្ឋកម្ម​ទាក់​ទង​នឹង​ POGO ​ដោយ​បន្ថែម​ថា​ រដ្ឋាភិបាល​ចិន​​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ល្បែង​ស៊ីសង​។

គួរ​បញ្ជាក់​ថា​ វិស័យល្បែង​ស៊ីសងអនឡាញ​​​​ បាន​លេច​ចេញ​ក្នុង​ប្រទេស​ហ្វីលីពីននៅ​​ឆ្នាំ​ ២០១៦ ហើយមាន​ការ​​រីក​ចម្រើនយ៉ាង​​ខ្លាំង​​ ដោយសារតែ​ប្រតិបត្តិករ​បន្ថែម​ការ​បណ្ដាក់​​ទុន​​ ក្រោម​​ច្បាប់ល្បែង​ស៊ី​សង​​សេរី​របស់​ប្រទេស​នេះ​ ដើម្បីទាក់​ទាញ​​​​​​អ្នក​លេង​គោលដៅ​ពី​ប្រទេស​ចិន​ ដែល​ល្បែង​បែប​នេះ​ត្រូវ​បាន​ហាម​ឃាត់​។

​បើ​គិត​ពី​តួលេខ​ខ្ពស់​បំផុត​ POGOs ​​បាន​ជួលក​ម្មករ​ចិន​ជាង​ ៣ សែន​នាក់​ ប៉ុន្តែ​ដោយ​សារ​តែ​វិបត្តិ​កូវីដ-១៩ ​និង​ពន្ធ​ខ្ពស់​ បាន​បង្ខំ​ឱ្យ​ប្រតិបត្តិករ​ជា​ច្រើន​ប្ដូរ​ទៅ​កន្លែង​ផ្សេង​។ យ៉ាង​ណា​មិញ​​ ​ រដ្ឋាភិបាល​ហ្វីលីពីន​ រក​ចំណូល​បាន​​ចំនួន​ ១២២ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០និង​ជាង​៦៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ពី​ថ្លៃ​សេវា​ POGO តែ​មួយ​មុខ​ប៉ុណ្ណោះ​។ ​នេះ​បើ​យោង​តាមតួលេខ​ពី​​ក្រសួង​ហិរញ្ញវត្ថុ​​ហ្វីលីពីន៕

ដោយ៖ហួន ឌីណា

ads banner