អ៊ីរ៉ង់​ចោទ​ប្រកាន់​​អាមេរិក​ ថា​ព្យាយាម​ប្រើ​ភាព​ចលាចល ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​របស់​ខ្លួន​ទន់​ខ្សោយ

អ៊ីរ៉ង់៖បាន​​ចោទ​ប្រកាន់​អាមេរិក​ថា​ ​ព្យាយាម​​ប្រើ​ភាព​ចលាចល​​​​​​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​​របស់​ខ្លួន​ ធ្លាក់​ទៅ​ក្នុង​ភាព​ទន់​ខ្សោយ​។ អ៊ីរ៉ង់​ថែម​ទាំង​បន្ថែម​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​ទង្វើ​​បែប​នេះ​ បើ​ទោះបី​​​ជាខ្លួន​​រង​ការ​ថ្កោល​ទោស និង​ទណ្ឌកម្ម​បន្ថែម ​​​ពី​បណ្ដា​ប្រទេស​លោក​​ខាង​លិច​ក៏​ដោយ​។ 

កាលពីថ្ងៃចន្ទ ទី ២៦ ខែកញ្ញា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ លោក ​Nasser Kanaani ​បាន​​ថ្លែង​​ប្រាប់​សារព័ត៌មានអ៊ីរ៉ង់​​ Nour ​​ថា​៖ «​ទីក្រុង​វ៉ាស៊ីនតោន​ តែង​តែ​ព្យាយាម​ធ្វើ​ឱ្យ​ស្ថិរភាព ​និង​សន្តិសុខ​របស់​អ៊ីរ៉ង់​ចុះ​ខ្សោយ​ ទោះ​បី​ជា​វា​មិន​​ជោគ​​ជ័យក្ដី​​»។

មិន​ត្រឹម​តែប៉ុណ្ណេះ​ លោក​ Kanaani ថែម​ទាំង​​សរសេរ​ចោទ​ប្រកាន់ នៅ​លើ​បណ្ដាញ​សង្គម​អ៊ិនស្តាក្រាម​របស់​លោក បន្ថែម​ទៀត​​ថា​ មេ​ដឹក​នាំ​សហរដ្ឋ​អាមេរិក​ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ បាន​គាំទ្រ​ក្រុម​​កុបក​រ​ ហើយ​មិន​អើ​ពើ​នឹង​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​ដែល​នៅ​តាម​ដង​ផ្លូវ​ និង​នៅ​លើ​ទីលាន​ផ្សេង​ៗ​​ ដែល​គាំទ្រ​ប្រព័ន្ធ​ដឹក​នាំ​របស់​អ៊ីរ៉ង់​។ ​​

​ការ​ចោទ​ប្រកាន់​របស់​អ៊ីរ៉ង់​​ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ រួម​ទាំង​ប្រទេស​​​សេរី​ផ្សេង​ទៀត​ បាន​ថ្កោល​ទោស​ កោះ​ហៅ​​​មន្រ្តី​ការទូត​ និង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​ ចំពោះ​ការ​ស្លាប់​របស់​នាង​ Mahsa Amini ដែល​ប៉ូលីស​សីលធម៌​អ៊ីរ៉ង់​​ចាប់​ខ្លួន​ ចំពោះ​ការ​ពាក់​ហ៊ីចាប​បញ្ចេញ​សក់​មិន​សម​រម្យ​។ សកម្មភាព​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​ដដែល​ក៏​ជា​ការ​ឆ្លើយ​តប​​​ទៅ​នឹង​ការ​​​ការ​បង្រ្កាប​យ៉ាងហិង្សា​​លើ​ការ​តវ៉ាដោយ​អហិង្សា​​ទូទាំង​ប្រទេស​ ដែល​ផ្ទុះ​ឡើង​ដោយ​សារ​ការ​ស្លាប់នារី​ជន​ជាតិ​គួដ​​រូប​នេះ​ផង​ដែរ​​។

គួរ​បញ្ជាក់​ថា​​ មក​ទល់​ពេល​នេះ​ ​ការ​តវ៉ា​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ​នៅ​តែ​បន្ត​មិន​ទាន់​ស្រាកស្រាន្ត និង​សម្លាប់​មនុស្ស​យ៉ាង​​ណាស់​ ៤១ នាក់ រាប់​តាំង​ពី​វា​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ដែល​នាង​ Amini ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ ទី​១៦ ខែ​កញ្ញា​​ (យោង​តាម​ទិន្នន័យ​របស់​​រដ្ឋាភិបាល​)។ វា​​គឺ​ជាភាព​ចលាចល​ដ៏​ធំ​បំផុត​ចាប់​តាំង​ពីបាតុកម្ម​តវ៉ា​​ឆ្នាំ​ ២០១៩​ និង​ដឹក​នាំ​ដោយ​ក្រុម​ស្រ្តី​ ដែល​ប្រឆាំង​នឹង​ការ​រឹត​ត្បឹត​សេរី​ភាព​របស់​ខ្លួន​ ក្រោម​​ប្រព័ន្ធ​ដឹក​នាំ​របស់​រដ្ឋាភិបាល​សាធារណ​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​​។

យ៉ាង​ណា​ក្ដី​ ការ​ប្រមូល​ផ្ដុំ​គ្នា​គាំទ្រ​រដ្ឋាភិបាល​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ​ ​ជា​ពិសេស​នៅ​កណ្តាល​ទីក្រុង​តេអេរ៉ង់​។​ ​ហើយ​​នៅ​ថ្ងៃ​ដដែល​ អ៊ីរ៉ង់​​​បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋ​ទូត​អង់គ្លេស​ និង​ន័រវេស​​ ដោយ​ចោទ​ប្រកាន់​ប្រទេស​ទាំង​២​ថា​​ជ្រៀត​ជ្រែក ​និង​​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​អរិភាព​ ចំពោះ​ភាព​ចលាចល​នេះ​៕

ដោយ៖ហួន ឌីណា

ads banner