អភិបាលខេត្តព្រះសីហនុអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុដែលអាចមានព្យុះភ្លៀងខ្លាំងនាពេលដ៏ខ្លីខាងមុខ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ឯកឧត្តម  គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាស់តឿនឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលធ្វើដំណើរតាមផ្លូវទឹក ខណៈដែលខេត្តមួយនេះនឹងរងទឹកភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ នៅថ្ងៃពុធទី២៩កញ្ញា និងថ្ងៃព្រហស្បតិ៍ទី៣០ខែកញ្ញាឆ្នាំ២០២២។

យោងតាមសារជាសំឡេងជាងពីរនាទី នៅថ្ងៃពុធទី២៩កញ្ញា លោកអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ៖ «លទ្ធផលនៃការព្យាការណ៍អាកាសធាតុ បានបង្ហាញថា ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក ខានស្អែកនេះ ស្ថានភាពភ្លៀង ខ្យល់ និងរលកខ្ពស់ៗនៅក្នុងសមុទ្រ អាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរនៅក្នុងផ្លូវទឹក។ដូច្នេះខ្ញុំស្នើសុំឲ្យមានការយកចិត្តទុកដាក់លើកិច្ចការពីរយ៉ាង»។

ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរគឺត្រូវណែនាំដល់ពលរដ្ឋ អ្នកនេសាទ និងអ្នកដំណើរ ត្រូវផ្អាកការធ្វើដំណើរទៅតាមកោះជាបណ្តោះអាសន្ន ដ្បិតអាចជួបហានិភ័យជាយថាហេតុ។ទន្ទឹមនេះ អ្នកនេសាទ និងអ្នកដំណើរដែលកំពុងចេញដំណើរទៅតាមកោះ លោកអភិបាលខេត្តបានបញ្ជាឲ្យអាជ្ញាធរត្រូវជូនដំណឹងឲ្យអ្នកទាំងនោះ ត្រូវរកទីតាំងសុវត្ថិភាព ឬត្រូវត្រលប់មកដីគោកវិញ។ចំណែកការធ្វើដំណើរត្រលប់មកវិញ ក៏ត្រូវមានសម្ភារសុវត្ថិភាព តួយ៉ាងដូចជា អាវពោង ព្រោះអាចជួបឧបសគ្គណាមួយ ពេលធ្វើដំណើរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ៖«ខ្ញុំសូមឱ្យទាំងអស់គ្នាយកចិត្តទុកដាក់ដើម្បីបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ផ្នែកពាក់ព័ន្ធទាំងអស់ប្រជាពលរដ្ឋ ប្រជានេសាទអ្នកទេសចរជាតិអន្តរជាតិ ម្ចាស់ទូកកាណូតជាដើមហើយចូលរួមអនុវត្តឱ្យមានប្រសិទ្ធិភាព»។

គិតត្រឹមរសៀលថ្ងៃទី២៨ខែកញ្ញានៅខេត្តព្រះសីហនុនិងខេត្តជាប់មាត់សមុទ្រកម្ពុជាសុទ្ធតែមានភ្លៀងធ្លាក់រលឹមជាប់ឥតដាច់។ចំពោះតំបន់ឆ្នេរក៏ចាប់ផ្ដើមមានខ្យល់បក់បោកក្នុងល្បឿនមធ្យម។

គួរជម្រាបថា កម្ពុជាកំពុងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះណូរុ ពីថ្ងៃទី២៨ដលើថ្ងៃទី២៩ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃពុធនេះ។ ព្យុះទី១៦នេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

គួរបញ្ជាក់ផងដែរថា បញ្ហាទឹកភ្លៀងនិងខ្យល់កន្ត្រាក់នេះ បានបណ្តាលឲ្យទូកដឹកជនជាតិចិនចំនួន៤១នាក់ មួយគ្រឿងបានជន់លិចនៅតំបន់កោះតាង ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ខែកញ្ញា។ តុល្យការចុងក្រោយ គឺមានជនជាតិចិនចំនួន៣៣នាក់ ត្រូវបានជួយសង្រ្គោះ ហើយក្នុងនោះបាត់បង់ជីវិតចំនួនបីនាក់។ ចំណែកឯជនជាតិចិនចំនួន១៨ផ្សេង នៅបន្តបាត់ខ្លួន ខណៈដែលអាជ្ញាធរកំពុងស្វែងរកជាបន្ត៕

ដោយ៖ សេក ប្រាក់

.ទិដ្ឋភាពភ្លៀងធ្លាក់នៅថ្ងៃនេះ

ads banner