សម្ដេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយជាច្រើនករណី បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសជាច្រើន ដែលនាំដល់ការជួញដូរមនុស្ស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយករណីជាច្រើន និងនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ ហើយក៏បានបង្ការទប់ស្កាត់ និង បង្ក្រាបសកម្មភាពបទល្មើសជាច្រើនដែលនាំដល់ការជួញដូរមនុស្ស។ នេះបើតាមរបាយការណ៍ ស្ដីពីស្ថានភាពអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនា ក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ថ្លែងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្តាក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា តំណាងនិកាយសាសនា យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតជាច្រើនទៀត ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ចំពោះគោលនយោបាយប្រកបដោយទស្សនវិស័យដ៏ទូលំទូលាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្នុងសា្ថប័នកំពូលនៃរាជរដ្ឋាភិបាល ដោយបានតម្កល់ខ្ពស់នូវជំនឿសាសនា ដែលមានការអប់រំខ្ពស់ផ្នែកស្មារតី និងឥរិយាបទក្នុងការរស់នៅ ឲ្យប្រកបដោយគុណធម៌ និងអាចបញ្ចៀសបានពីអំពើឧក្រិដ្ឋបំផ្លាញសង្គម ប្រកបដោយប្រសិទ្ធភាព។ ច្បាប់តែម្យ៉ាងមិនគ្រប់គ្រាន់នឹងធ្វើឱ្យមនុស្សមានការកែប្រែឥរិយាបទ និងផ្នត់គំនិតទេ តែការអប់រំមនុស្សដោយទន់ភ្លន់តាមបែបសាសនា ធ្វើឲ្យមនុស្សមានស្មារតីភ្ញាក់រលឹក ស្គាល់ខុស ស្គាល់ត្រូវ និងខិតខំកសាងខ្លួនឲ្យក្លាយជាមនុស្សល្អក្នុងសង្គមបាន ។

សម្ដេចបានបន្តថា កន្លងមក មានប្រជាជនកម្ពុជា ជាច្រើន ដែលបានធ្វើទេសន្តរប្រវេសន៍ ស្វែងរកការងារនៅក្រៅប្រទេស ដោយ ប្រថុយប្រថាន ក្នុងនោះមួយចំនួនត្រូវបានរងទុក្ខវេទនាក្នុងទម្រង់ជាការងារបង្ខំ និងលំបាកយ៉ាប់យ៉ឺន មិនបានទទួលកម្រៃប្រាក់ឈ្នួលតាមការសន្យា ហើយក៏ត្រូវបានគេជួញដូរ កេងប្រវ័ញ្ច និងប្រើប្រាស់ដោយបង្ខំ, ខ្លះបានបាត់បង់ជីវិត ឬបាត់ដំណឹង មិនបានវិលត្រឡប់មកជួបក្រុមគ្រួសារ ឬធ្លាក់ខ្លួនពិការ បាត់បង់កាយសម្បទា ឬ បញ្ញាស្មារតី និងកំពុងស្ថិតនៅក្នុងស្ថានភាពជាជនទេសន្តរប្រវេសន៍ដែលគ្មានឯកសារច្បាប់ត្រឹមត្រូវ ធ្វើឲ្យជន ល្មើសងាយស្រួលធ្វើសកម្មភាពប្រើប្រាស់ដោយកេងប្រវ័ញ្ច និងរំលោភបំពាន ។

សម្ដេច ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយករណីជាច្រើន និងនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ ហើយក៏បានបង្ការទប់ស្កាត់ និង បង្ក្រាបសកម្មភាពបទល្មើសជាច្រើនដែលនាំដល់ការជួញដូរមនុស្ស រួមទាំងការនាំមនុស្សចេញឆ្លងដែនដោយ ខុសច្បាប់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីភាពរងគ្រោះ និងបញ្ជូនជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់កំណត់។ សកម្មភាពបង្ក្រាប បានកើនឡើងទ្វេដង ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងឆ្នាំ២០២០ បើទោះបីជាក្នុងអំឡុងពេលនោះ កម្ពុជាកំពុងសិ្ថតក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ។ ក្នុងពេលជាមួយគ្នានេះ ពលករកម្ពុជា ដែលត្រូវបានបញ្ជូនត្រឡប់ពីអាជ្ញាធរបរទេស ឬវិលត្រឡប់ក្នុងអំឡុងពេលនៃការប្រកាសបិទព្រំដែន ដោយសារគោលការណ៍នៃការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ក៏ត្រូវបានកើនឡើង ។

សម្ដេចក្រឡាហោម បានបន្តទៀតថា មកដល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៣០ម៉ឺននាក់ បានវិលត្រឡប់ ឬត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយអាជ្ញាធរបរទេស ហើយត្រូវទទួលបាននូវការគាំពារយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ៕ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner