រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធ្វើឲ្យសម្រេចគោលការណ៍សំខាន់ ៤យ៉ាង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធ្វើឲ្យសម្រេចគោលការណ៍សំខាន់ ៤យ៉ាង។ នេះបើតាមរបាយការណ៍ ស្ដីពីស្ថានភាពអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនា ក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ថ្លែងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្តាក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា តំណាងនិកាយសាសនា យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតជាច្រើនទៀត ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា មកដល់ដើមឆ្នាំ២០២២ សភាពការណ៍កូវីដ-១៩ នៅកម្ពុជា បានធូរស្រាល ជាហេតុនាំឲ្យរាជរដ្ឋាភិបាល ត្រូវចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មឡើងវិញយ៉ាងសកម្ម នៅទូទាំងប្រទេស ក្នុងគន្លងប្រក្រតីភាពថ្មី ។ ទន្ទឹមនឹងស្ថានភាពដ៏ប្រសើរនេះ បែរជាមានរឿងដែលគួរឲ្យសោកស្តាយ គឺនៅក្នុងពេលថ្មីៗនេះ ក៏មានលេចចេញនូវបទល្មើសថ្មីៗ ដែលកើតឡើងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា នោះគឺជនល្មើសបានលាក់បំពួន ធ្វើសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងគគ្រឹកគគ្រេង ព្រមជាមួយនឹងការប្រើប្រាស់មនុស្ស ដោយបង្ខំ កេងប្រវ័ញ្ចប្រាក់ឈ្នួល បិទសិទ្ធិសេរីភាព និងប្រើប្រាស់ជនរងគ្រោះជាឧបករណ៍សម្រាប់បម្រើការ បោកប្រាស់អ្នកដទៃទៀត និងធ្វើឲ្យកម្ពុជា រងផលប៉ះពាល់ជាអវិជ្ជមាន ដោយទទួលបានការវាយតម្លៃពីសហរដ្ឋអាមេរិក ក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថា ជាប្រទេសដែលមានកិច្ចខិតខំប្រឹងប្រែងតិចតួចក្នុងសកម្មភាពប្រឆាំងការជួញដូរមនុស្ស ។

ជាក់ស្តែង បទល្មើសនេះ គឺជាទម្រង់ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបណ្ដាញចាត់តាំង នៅរាយប៉ាយតាមបណ្តាប្រទេសនានាក្នុង និងក្រៅតំបន់ និងត្រូវបានក្រុមឧក្រិដ្ឋជនលួចលាក់ធ្វើសកម្មភាពយ៉ាងសម្ងាត់ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងរូបភាពល្បែង និងប្រើឧបាយកលឆបោកវិនិយោគិន ក្នុងគោលដៅ អូសទាញអ្នកដែលចាញ់កលល្បិច ដើម្បីកេងប្រវ័ញ្ចប្រមូលធនធានយ៉ាងអាថ៌កំបាំង និងបង្ខំមនុស្សឲ្យធ្វើការ លើសម៉ោង ក្នុងកន្លែងបិទជិត មិនឲ្យមានសេរីភាព រហូតដល់មានការធ្វើទារុណកម្ម និងជម្រិតទារប្រាក់ពី គ្រួសារ ជាដើម ។ ជនល្មើសមួយចំនួន បានលួចលាក់ប្រើអាវុធខុសច្បាប់បន្ថែមទៀត ដែលសកម្មភាពនេះ ជាការ គម្រាមកំហែងដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ។

សម្ដេចបានបន្ថែមថា ក្នុងស្ថានភាពដ៏អាក្រក់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ មិនបានព្រងើយកន្តើយឡើយ ហើយបានដាក់ចេញផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធ្វើឲ្យសម្រេចគោលការណ៍សំខាន់បួនយ៉ាងគឺ (១).សង្គ្រោះ ជនរងគ្រោះឲ្យបានទាន់ពេលវេលា (២).ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស និងបក្សពួក និងស្រាវជវរកមេខ្លោង ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង (៣)-ត្រួតពិនិត្យ ប្រមូលភស្តុតាង ដើម្បីបិទអាជីវកម្ម ខុសច្បាប់ ជាពិសេស ល្បែងស៊ីសង និងល្បែងតាមប្រព័ន្ធអេឡិចត្រូនិកដែលខុសច្បាប់ (៤).បើរកឃើញថា ជាករណីជួញដូរមនុស្ស សមត្ថកិច្ចត្រូវពន្លាតការស៊ើបអង្កេតរកសកម្មភាពបទល្មើសសម្អាតប្រាក់ថែមទៀត ដើម្បីបោសសម្អាតបទល្មើសឧក្រិដ្ឋដែលពាក់ព័ន្ធ។

សម្ដេចបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសចេញនូវសេចក្តីអំពាវនាវដល់ស្ថានតំណាងបេសកកម្មការទូតនានា និងសាធារណជន ដែលបានដឹង និងស្គាល់ទីតាំងដែលប្រព្រឹត្តបទល្មើស ឲ្យជួយសហការក្នុងការផ្តល់ព័ត៌មាន មកក្រុមការងារប្រតិបត្តិការ តាមប្រព័ន្ធហ្វេសប៊ុកផ្លូវការរបស់សម្ដ៣ច ឬរបស់ក្រសួងមហាផ្ទៃ ឬរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដា្ឋន អន្តោប្រវេសន៍ ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផងដែរ ។

សម្ដេច ស ខេង បានបន្តទៀតថា ដើម្បីធ្វើឲ្យផែនការប្រតិបត្តិការនេះ ទទួលបានជោគជ័យ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើជាយន្តការអនុវត្ត ឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះ មានជាអាទិ៍ គណៈបញ្ជាការដឹកនាំប្រតិបត្តិការដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រុមការងារចំណុះចំនួនប្រាំទៀត ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតបង្គាប់ការបង្កើតក្រុមការងារចំពោះកិច្ចដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីគាំទ្រផ្នែកច្បាប់ដល់កិច្ចប្រតិបត្តិការក្នុងខេត្តព្រះសីហនុ ។

ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តី សម្រេច ស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដឹកនាំ ដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីជំរុញការងារប្រតិបត្តិការនេះ ឲ្យបានទូលំទូលាយ។ គណៈកម្មាធិការជាតិ បានបង្កើតគណៈកម្មការចំពោះកិច្ចមួយទៀត ដើម្បីធ្វើអធិការកិច្ច ដែលដឹកនាំដោយ ឯកឧត្តម នៅ លក្ខិណា ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner