រយៈពេល១ខែ ក្រុមប្រតិបត្តិការ បានសង្គ្រោះជនរងគ្រោះ និងជនពាក់ព័ន្ធនឹងភាពរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន រឹតត្បិតសេរីភាព និងធ្វើទារុណកម្ម បានរាប់រយនាក់

ភ្នំពេញ៖ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រតិបត្តិការ បានសង្គ្រោះជនរងគ្រោះ និងជនដែលពាក់ព័ន្ធនឹងភាពរងគ្រោះ បានរាប់រយនាក់ ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន រឹតត្បិតសេរីភាព និងធ្វើទារុណកម្ម។

នេះបើតាមរបាយការណ៍ ស្ដីពីស្ថានភាពអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនា ក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ថ្លែងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្តាក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា តំណាងនិកាយសាសនា យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតជាច្រើនទៀត ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ចំនួនបណ្តឹងដែលបានបញ្ចូលមកតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដែលមានព័ត៌មានច្បាស់ការណ៍ ចំនួនជិត ៣០០ករណី ដែលក្នុងនោះ សកម្មភាពជនល្មើស ធ្វើឡើងក្នុងខេត្តព្រះសីហនុ ច្រើនជាងគេ រហូតដល់ជាង ២០០ករណី ។

ក្រុមប្រតិបត្តិការ បានធ្វើសកម្មភាពរុករកជនល្មើស នៅតាមបណ្ដាទីតាំងសង្ស័យតាមសេចក្តីរាយកាណ៍ និងរកឃើញ និងបានសង្គ្រោះជនរងគ្រោះ និងជនដែលពាក់ព័ន្ធនឹងភាពរងគ្រោះ បានរាប់រយនាក់ ក្នុងនោះមានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន រឹតត្បិតសេរីភាព និងធ្វើទារុណកម្ម ០៦ករណី មានមនុស្ស ៤៣នាក់ មាន ៤សញ្ជាតិ ។

ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ២៧នាក់ មាន ២សញាតិ ដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស លួចលាក់ប្រើប្រាស់អាវុធខុសច្បាប់ ចំណែកទីតាំងប្រព្រឹត្តបទល្មើស ត្រូវបានបិទ ដើម្បីធ្វើការស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែមទៀត ។ ចំណែកឯជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ធ្វើការសាកសួរ ប្រមូលភស្តុតាង ដើម្បីដាក់បន្ទុក និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ដើម្បី ផ្តន្ទាទោសឲ្យបានស័ក្តិសមនឹងអំពើដែលបានប្រព្រឹត្ត។

សម្ដេចបន្តថា មានជនងាយរងគ្រោះរាប់រយនាក់ទៀត ដែលបានរកឃើញ ទោះបីជាមិនទាន់ទទួលរងគ្រោះដោយអំពើជួញដូរ ឬធ្វើទារុណកម្មនៅឡើយ តែក៏ត្រូវបានសង្គ្រោះ ចេញពីទីតាំងដ៏គ្រោះថ្នាក់ និងនាំទៅកាន់ទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការ និងសម្របសម្រួលពីបណ្តាស្ថានទូតនៃប្រទេសសាម៉ីដែលមានការពាក់ព័ន្ធ ដើម្បីបានវិលត្រឡប់ទៅកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញ ដោយសុវត្ថិភាព ។

សម្ដេចក្រឡាហោម បានឱ្យដឹងទៀតថា នៅមានបងប្អូនកូនក្មួយជាច្រើនទៀត ដែលនៅតែមិនលះបង់ជំនឿលើជនល្មើស និងចង់បន្តធ្វើការងារបម្រើឧក្រិដ្ឋជន ទាំងមិនដឹងថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ ។ ជនរងគ្រោះភាគច្រើនជាយុវវ័យ ដែលចេះជំនាញបច្ចេកវិទ្យាព័ត៌មានយ៉ាងស្ទាត់ជំនាញ នៅតែចាញ់បោកជនល្មើស ឲ្យយកចំណេះដឹងទាំងនេះ ទៅបម្រើឲ្យអំពើឧក្រិដ្ឋ បំផ្លាញខ្លួនឯង និងមនុស្សផងគ្នាទៅវិញ ។ មួយចំនួនទៀត មិនមានការពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សទេ តែជាករណ៏លួចលាក់ឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងសម្ងំ លាក់ខ្លួនធ្វើការងារដោយគ្មានការអនុញ្ញាត ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះអង្គទូតនៃប្រទេសពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល បណ្ដាញសារព័ត៌មានទាំងអស់ ដែលបានជួយផ្ដល់ព័ត៌មានពិតពីអំពើសកម្មភាពជនល្មើស និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសកម្មភាពទុច្ចរិតទាំងឡាយ ដែលបណ្ដាញឧក្រិដ្ឋជនបានលបលួចប្រព្រឹត្តក្រោមស្លាកអាជីវកម្មផ្សេងៗនៅកម្ពុជា ដើម្បីអាចឲ្យកម្លាំងសមត្ថកិច្ចអាចបង្ក្រាប និងសង្គ្រោះជនរងគ្រោះ បានទាន់ពេលវេលា ។ នេះជាស្មារតីសហការដ៏មានសារសំខាន់ ក្នុងគោលដៅលុបបំបាត់អំពើជួញដូរមនុស្ស នៅកម្ពុជា ដែលមិនមែនជាការផ្សព្វផ្សាយ ដោយគ្មានការទទួលខុសត្រូវ ដើម្បីបន្ទុះបង្អាប់កម្ពុជានោះទេ ។

សម្ដេចថ្លែងថា ជនដែលរងគ្រោះ គឺជាអ្នកចាកចេញពីគ្រួសារដោយប្រថុយប្រថាន ទៅស្វែងរកលាភសក្ការៈតាមការអូសទាញរបស់មេខ្យល់។ ចំណែកឯការអនុវត្តច្បាប់ក្នុងការបង្ក្រាបអំពើអាណាចារ ល្បែងស៊ីសង និងជនខិលខូច ដែលជាមេខ្យល់នៅមានកម្រិត ។ ទាំងនេះគឺជាកង្វល់របស់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការអប់រំផ្សព្វផ្សាយ អំពីកលល្បិចជនល្មើស ការពង្រឹងសុវត្ថិភាពក្នុងសហគមន៍ ការបង្កើនឱកាសការងារ និងមុខរបរ សម្រាប់ប្រជាពលរដ្ឋកម្រិតខ្នាតតូច និងមធ្យម ការពង្រឹងការដាំដុះ ការចិញ្ចឹមសត្វ សម្រាប់សុវត្ថិភាពស្បៀង និងត្រូវបង្កើនការបង្ក្រាប និងពង្រឹងការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ លើការជួញដូរ

ចែកចាយ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាព ដែលនាំឲ្យមានអំពើហិង្សា និងការលួចឆក់ប្លន់ និងអសន្តិសុខដល់សហគមន៍ និងត្រូវការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែលនាំឲ្យខូចសុខភាព ។ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានចំណាយទាប ដើម្បីផ្ដល់ភាពកក់ក្តៅ និងការជឿជាក់លើអាជ្ញាធរ និងសមត្ថកិច្ច ដែលជាមន្ត្រីរដ្ឋាភិបាល ។

ទន្ទឹមនឹងនោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងចាត់វិធានការយ៉ាងស្រួចស្រាល់ ក្នុងការធ្វើប្រតិបត្តិការរុករកដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងបង្ក្រាបបទល្មើស និងចាប់ជនប្រព្រឹត្តបទល្មើសដើម្បីធ្វើការផ្ដន្ទាទោស និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ រាល់ករណីបទល្មើស ដែលបានរកឃើញ ដោយមិនមានការលើកលែង ។ ទាំងក្រសួងមហាផ្ទៃ ដែលរួមទាំងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្រសួងយុត្តិធម៌ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត បាននិងកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការធានាឲ្យកិច្ចប្រតិបត្តិការបានទទួលជោគជ័យ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពដ៏អាក្រក់នេះ ព្រមទាំង ដើម្បីប៉ាន់ប្រមាណពីទំហំនៃបញ្ហា និងវិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា ។

លើសពីនេះទៅទៀត ការចូលរួមពីវិស័យសាសនា គឺជាយន្តការនៃការផ្សព្វផ្សាយដ៏មានសក្តានុពល និងប្រសិទ្ធភាពក្នុងការជួយផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឲ្យបានយល់ច្បាស់ពីបំណងប្រាថ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពីគុណវិបត្តិ ការប្រព្រឹត្តអំពើហិង្សា អមនុស្សធម៌ អំពើជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ដល់ប្រជាជន តាមភូមិ ឃុំ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ទីផ្សារ និងកន្លែងប្រមូលផ្ដុំនានាជាដើម ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner