សហភាពអឺរ៉ុបប្តេជ្ញាការពារបណ្តាញផ្គត់ផ្គង់ថាមពល បន្ទាប់ពីការលេចធ្លាយបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុប

កូប៉ិនហាក៖ សហភាពអឺរ៉ុបនៅថ្ងៃពុធទី២៨ ខែកញ្ញានេះ បានប្តេជ្ញាថា នឹងធ្វើការឆ្លើយតបយ៉ាងរឹងមាំ ចំពោះការរំខានដោយចេតនាណាមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បន្ទាប់ពីបាននិយាយថា ខ្លួនសង្ស័យថា មានការបំផ្លិចបំផ្លាញណាមួយ នៅពីក្រោយការលេចធ្លាយឧស្ម័នដែលបានរកឃើញនៅសប្តាហ៍នេះ នៅក្រោមបាតសមុទ្រនៃបំពង់បង្ហូរប្រេងរុស្ស៊ីទៅកាន់អឺរ៉ុប។

នៅពេលដែលឧស្ម័នបានលេចធ្លាយចេញពីក្រោមសមុទ្របាល់ទិករយៈពេលបីថ្ងៃ បន្ទាប់ពីការរកឃើញដំបូង វានៅតែមិនទាន់ច្បាស់ថា អ្នកណាអាចទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream ដែលរុស្ស៊ី និងដៃគូអឺរ៉ុបបានចំណាយថវិកាសាងសង់អស់រាប់ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរែល បាននិយាយថា ការរំខានដោយចេតនាណាមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពលអឺរ៉ុប គឺជារឿងមិនអាចទទួលយកបានទាំងស្រុង ហើយនឹងត្រូវបានឆ្លើយតបវិញយ៉ាងរឹងមាំ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិមានក្រឹមឡាំងនៅថ្ងៃពុធសប្តាហ៍នេះបានចេញមុខបដិសេធថា ការអះអាងដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារ ដែលអាចកើតមានលើបំពង់បង្ហូរឧស្ម័ន Nord Stream គឺជារឿងឆោតល្ងង់ ដោយបន្ថែមថា សហរដ្ឋអាមេរិកបានប្រឆាំងនឹងបំពង់បង្ហូរនេះ ហើយក្រុមហ៊ុនរបស់ខ្លួនបានរកប្រាក់ចំណេញដ៏ច្រើន ពីការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈបំពង់នេះ គឺគ្មានហេតុផលអ្វីដែលធ្វើរឿងទាំងនេះទេ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner