រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីធ្វើការពិនិត្យរបាយការណ៍សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦ និងការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន២រូប និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

ការកំណត់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលាខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឡេង ប៉េឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ AMS ថា អង្គប្រជុំបានអនុម័តយល់ព្រម កំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ដោយមានរបៀបវារៈដូចជា៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប គឺ១.ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព និងទី២.ឯកឧត្តម នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។

ឯកឧត្តមបានបន្តថា ក្រៅពីរបៀបវារៈខាងលើក៏មានការបោះឆ្នោតជ្រើសតាំងឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner