សហរដ្ឋអាមេរិក៖ ខ្យល់ព្យុះសង្ឃរា Ian វាយប្រហាររដ្ឋហ្លរីដា ដោយភ្លៀងធ្លាក់យ៉ាងគំហុក និងទឹកជំនន់

អាមេរិក៖ ខ្យល់ព្យុះសង្ឃរា Ian បានធ្វើដំណើរទៅដល់រដ្ឋហ្លរីដា សហរដ្ឋអាមេរិក នៅរសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយនាំទៅជាមួយនូវខ្យល់បោកបក់ខ្លាំង ភ្លៀងធ្លាក់គំហុក ដែលបង្កទៅជាជំនន់ទឹកភ្លៀង។ ជាខ្យល់ព្យុះសង្ឃរា ស្ថិតក្នុងកម្រិតទី៤ Ian ត្រូវគេចាត់ទុកថាជា ខ្យល់ព្យុះសង្ឃរាដ៏កំណាចបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយបោកបក់ក្នុងល្បឿន២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានពន្លិច បំផ្លិចបំផ្លាញផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅក្នុងតំបន់រងគ្រោះ។

គិតត្រឹមយប់ថ្ងៃពុធ ទី២៨ ខែកញ្ញា ម៉ោងនៅសហរដ្ឋអាមេរិក ខ្យល់ព្យុះសង្ឃរា Ian បានបន្ថយកម្លាំងរបស់ខ្លួន ពីខ្យល់ព្យុះកម្រិត៤ មកត្រឹមកម្រិត២។ នេះបើតាមការវាយតម្លៃពីមជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាជាតិ របស់អាមេរិក។ ដ្បិតតែថមថយកម្លាំងបន្តិច ប៉ុន្តែខ្យល់ព្យុះនេះ នៅតែបង្កឲ្យមានភ្លៀងធ្លាក់ និងទឹកជំនន់ ដែលបង្កការរំខានដល់ប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ។

អាជ្ញាធររដ្ឋហ្លរីដា បានឲ្យដឹងថា រហូតមកទល់ពេលនេះ មានមនុស្សជិត២លាននាក់ ត្រូវកាត់ផ្ដាច់ពីចរន្តអគ្គិសនី គិតត្រឹមម៉ោង១០យប់ ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។ និងថា ចំនួននេះអាចនឹងកើនឡើងទៀតនាពេលខាងមុខ។ ការស្ដារចរន្តអគ្គិសនីឡើងវិញ នៅតំបន់ដែលត្រូវខ្យល់ព្យុះ Ian វាយប្រហារ អាចនឹងត្រូវប្រើពេលជាច្រើនថ្ងៃ ឬត្រូវអូសបន្លាយដល់ច្រើនសប្ដាហ៍ផង ជាពិសេសនៅតំបន់ឆ្នេរប៉ែកខាងលិច ដែលទាមទារឲ្យមានការសាងសង់ឡើងវិញតែម្ដង។

ទន្ទឹមនឹងការគ្មានចរន្តអគ្គិសនីប្រើប្រាស់ មានមនុស្សជាច្រើនផ្សេងទៀត កំពុងជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ដោយសារតែជម្លៀសខ្លួនចេញមិនទាន់។ បើតាមអាជ្ញាធរដដែល គេត្រូវរង់ចាំឲ្យខ្យល់ព្យុះនេះ បន្ថយកម្លាំងបន្តិចសិន ទម្រាំក្រុមសង្គ្រោះបន្ទាន់ អាចចូលទៅជួយពួកគេបាន៕
ដោយ:កែវ កិរិយា

https://www.usatoday.com/story/news/nation/2022/09/28/hurricane-ian-live-updates-tracker-path-forecast/10447576002/

ads banner