លោក សំ សុខយី ៖ ៦វិញ្ញាសា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាលើកទម្ងន់បានត្រៀម៦ វិញ្ញាសា ផ្នែកបុរស៣វិញ្ញាសា ផ្នែកនារី៣វិញ្ញាសា និងមានកីឡាករ កីឡាការិនីសរុប៣២នាក់ មកពី៧ រាជធានី-ខេត្តក្រុង និងក្រសួងមួយ រួមទាំងមន្រ្តីបច្ចេកទេស២០នាក់ ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា កីឡាជាតិលើកទី៣នេះ គឺជាចំណុច នៃការវាស់ស្ទង់សមត្ថភាពដល់អត្ពពលិកនៅតាមបណ្ដារាជធានីខេត្តក្រុង និងក្រសួងស្ថាប័នដែលចូលរួម ជាពិសេសផ្សព្វផ្សាយកីឡាលើកទម្ងន់ទៅកាន់មហាជន យុវជន និងបណ្តារាជាធានីខេត្តអោយកាន់តែសកម្មភាពផុសផុលហ្វឹកហាត់ប្រភេទកីឡាមួយនេះ ពីព្រោះទូទាំងប្រទេសកម្ពុជាមានក្លឹបហាត់ប្រាណច្រើន។ លោកអគ្គលេខាធិការ បន្តថា កីឡាជាតិនេះ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ របស់សហព័ន្ធ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣២ នៅកម្ពុជដែរ គឺស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាពយកមកហ្វឹកហាត់គ្រូជំនាញរបស់សហព័ន្ធ និងក្រុមជម្រើសរើសជាតិ។

លោក ថា ការធ្វើបែបនេះដោយសារសហព័ន្ធពិនិត្យឃើញ ក្លឹបហាត់ប្រាណច្រើនច្បាស់ណាស់កីឡាករឆ្នើមច្បាស់ជាមាន គ្រាន់តែយើងមិនទាន់បាន ហើយនៅពេលរកបានគឺយើងបញ្ជូនគ្រូជំនាញទៅបង្វឹកបន្ថែមអោយត្រូវស្តង់ដាបច្ចេកទេសអន្តរជាតិ ដើម្បីធ្វើការប្រៀបធៀបគ្នា ឬក៏ប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនីជម្រើសរើសជាតិ ដែលហ្វឹកហាត់នៅប្រទេសចិន ស្វែងរកអ្នកមានសិទ្ធផលល្អជាង និងក្លាយទៅជាបេក្ខភាពក្រុមជម្រើសជាតិតែម្ដង។

ដោយសារថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមយើងត្រូវការ កីឡាករដ៏ល្អ មានវ័យក្មេង សម្រាប់ត្រៀមក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពីព្រោះស៊ីហ្គេមចប់យើងក៏មានការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត រួមនិងស៊ីហ្គេម នៅបណ្ដាប្រទេសនានាផងដែរ។ លោក សំ សុខយី បន្ថែមថា ខេត្តជាគោលដៅចម្បងរបស់សហព័ន្ធគឺខេត្តជាប់តំបន់ឆ្នេរសមុទ្រ ដូចជា ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ការជ្រើសរើសខេត្តប៉ែកនិរតីនេះ ដោយសារសហព័ន្ធបានសហការជាមួយគណកម្មការជាតិអូឡាំពិកកម្ពុជា រៀបចំការប្រកួតក្នុងពិធីបុណ្យសមុទ្យជារៀងរាល់ខែធ្នូ បន្ថែមលើការប្រកួតថ្នាក់ជាតិ ការប្រកួតអបអរឆ្លងឆ្នាំ និងការប្រកួតផ្សេងៗទៀតអោយបានមួយឆ្នាំ២ទៅ៣ដង សម្រាប់កីឡាករ កីឡាការិនី ធ្វើការប្រកួតអោយកាន់តែពុះកញ្ជ្រោលនិងបង្កើនសមត្ថភាពអោយកាន់តែមានទំនុកចិត្ត។

លោក បន្ថែមថា ក្នុងនោះសហព័ន្ធក៏បានយកចិត្តទុកដាក់ដុសខាត់មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមផងដែរ ពីព្រោះស៊ីហ្គេម នៅកម្ពុជា ពួកគាត់ក៏ជាចំណែកមួយដ៏សំខាន់ចូលរួមរៀបចំ កាត់សេចក្តី ព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាអោយទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសអោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ប្រជាពលរដ្ឋម្នាក់គប្បីលេងកីឡាឲ្យបានមួយមុខប្រចាំជីវិត» ។ លោក សំ សុខយី អំពាវនាវស្វែងរកការចូលរួមពីដៃគូអភិវឌ្ឍន៍ ជាពិសេសវិស័យឯកជន ក៏ដូចជាបណ្ដាក្រុមហ៊ុននានា ក្នុងការឧបត្ថម្ភគាំទ្រឲ្យមានការប្រកួតជាច្រើនជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ក្រសួងអប់រមយុវជន និងកីឡា បានសម្រេចដាក់៣៥ប្រភេទកីឡា អោយប្រកួតប្រជែង ក្នុងនោះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានត្រៀម៦ប្រភេទទម្ងន់ លើ៦វិញ្ញាសា បុរស៣ទម្ងន់ នារី៣ទម្ងន់ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner