អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលពីស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល និងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងកោតសរសើរ និងអរគុណដល់អាជ្ញាធរស្រុក និងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ នៅក្នុងស្រុកបវេល និងស្រុកភ្នំព្រឹក ដែលបានយកចិត្តទុកដាក់ក្នុងការជួយជន្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា មិនបង្កឲ្យមានគ្រោះថ្នាក់នោះឡើយ។ ការថ្លែងបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលផ្ទាល់និងវាយតម្លៃពីស្ថានភាពនៃជំនន់ទឹកភ្លៀង ដែលបាននិងកំពុងតែបង្កនូវការលិចលង់ដល់ផ្ទះសម្បែង ដំណាំស្រូវនិងចម្ការមួយចំនួន ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកទាំង២ ខាងលើ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

បន្ថែមពីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធនៅក្នុងមូលដ្ឋានទាំងអស់ ជាពិសេសក្នុងស្រុកទាំង ២ខាងលើ ត្រូវបន្តតាមដានស្ថានភាពទូទៅនៃជំនន់ទឹកភ្លៀងដែលកំពុងកើតមានក្នុងមូលដ្ឋានខ្លួន ធ្វើយ៉ាងណាយកចិត្តទុកដាក់ការជួយបងប្អូនដែលរងផលប៉ះពាល់ និងត្រូវជន្កៀសពួកគាត់ឲ្យទៅកាន់ទីទួលសុវត្ថិភាពឲ្យបានលឿន បានឆាប់កាន់តែល្អ ចៀសវាងការបង្កកើតឡើងដោយគ្រោះថ្នាក់ផ្សេងៗ ហើយក៏ត្រូវរាយការណ៍ពីសភាពការប្រែប្រួលក្នុងករណីកើតឡើងជាយថាហេតុនៃផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់រដ្ឋបាលខេត្តជាបន្ទាន់ផងដែរ។

ដោយឡែកក្នុងការចុះពិនិត្យមើលពីស្ថានភាពនៃជំនន់ទឹកភ្លៀងនេះ លោកសុង សុភ័ក្ដ្រ អភិបាលស្រុកភ្នំព្រឹកបានថ្លែងឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅក្នុងស្រុកភ្នំព្រឹក បានកើតឡើងអស់រយៈពេល៣ថ្ងៃមកហើយថែមទាំងបានបង្កនូវផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ ក្នុងនោះជាង ១០០គ្រួសារ ក៏ត្រូវបានអាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ចរបស់ស្រុក និងនៅក្នុងមូលដ្ឋានផ្ទាល់បានធ្វើការជម្លៀសឲ្យទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ដោយមិនមានបង្កការគ្រោះថ្នាក់ ឬការភ័យខ្លាចអ្វីឡើយ…។

លោក ក៏បានឱ្យដឹងបន្ថែមថា គិតត្រឹមរសៀលថ្ងៃទី២៩កញ្ញា ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ទៅវិញហើយដែរ។ យោងតាមរបាយការណ៍បឋមរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា៖ ប៉ុន្មានថ្ងៃមកនេះជំនន់ទឹកភ្លៀងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មគោល, ឯកភ្នំ, បវេល និងស្រុកភ្នំព្រឹក បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំផ្សេងៗប្រមាណជាង ៤ពាន់ហិកតា ក្នុងនោះខូចខាតជាង ១ពាន់ហិកតាផងដែរ ៕ ដោយ៖អ៊ុក សំអាន

ads banner