កម្ពុជានិងចិន ទទួលបានផលចំណេញដូចគ្នាពីកម្មវិធី OCA Fun Run

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី OCA Fun Run នៅជំវិញអូតែលសុខា ស្ថិតនៅក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរត់កម្សាន្ដប្រមាណ ១ពាន់នាក់ ដើម្បីអបអរសាទរមហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន។
កម្មវិធីរត់កម្សាន្ដនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ហើយក៏មានការចូលរួមរត់កម្សាន្ដពីមន្ដ្រីជាន់ខ្ពស់ OCA តំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ក៏ដូចជាប្រតិភូ នៃគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្ដាប្រទេសសមាជិកក្នុងទ្វីបអាស៊ី ដែលបានមកចូលរួមមហាសន្និបាតខាងលើ ក៏បានចូលរួមរត់កម្សាន្ដក្នុងកម្មវិធីនេះដែរ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា យើងទទួលបានប្រយោជន៍ច្រើនណាស់ លើការងារបច្ចេកទេស ក្នុងការផ្លាស់ប្ដូរ និងទទួលបទពិសោធន៍ពីក្រុមការងារអន្ដរជាតិ ដែលចូលរួមកម្មវិធីនេះ។ នេះគឺអ្វីដែលយើងចង់បានក្នុងលក្ខណៈជំនាញ។ ប៉ុន្ដែសំខាន់ មិនមែនជារឿងងាយស្រួលទេ យើងធ្វើទៅ អាចមានការលំបាកខ្លះ តែយើងទទួលបាននោះ គឺកេរ្ដិ៍ឈ្មោះ ក្នុងនាមម្ចាស់ផ្ទះ។ កេរ្ដិ៍ឈ្មោះរបស់យើង គឺយើងត្រូវតែរក្សាឲ្យបាននូវកិត្តិយសជាតិរបស់យើងក្នុងការរៀបចំ។
ឯភាគីចិនវិញ បានសម្ដែងការអរគុណដល់កម្ពុជា ដែលទទួលរៀបចំមហាសន្និបាត OCA ហើយបានរៀបចំកម្មវិធីរត់កម្សាន្ដខាងលើ ដែលជាឱកាសក្នុងការបង្ហាញ និងផ្សព្វផ្សាយពីការត្រៀមខ្លួនរៀបចំការប្រកួតកីឡាអាស៊ី លើកទី១៩ ដល់បណ្ដាប្រទេសអាស៊ី និងប្រតិភូទាំងអស់ ដែលចូលរួមមហាសន្និបាតនៅកម្ពុជា ដ្បិតកន្លងមក ខ្លួនពិបាកនឹងរៀបចំកម្មវិធីនេះ ដោយសារបញ្ហាកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក Xu Jianfeng ប្រធានផ្នែកទំនាក់ទំនងការបរទេស នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022។
លោក Xu Jianfeng និយាយថា «ខ្ញុំសង្ឃឹមថា ការរត់ Fun Run នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពី Asian Games នៅ Hangzhou ទៅកាន់មហាជន ពិសេសប្រជាជនកម្ពុជា ឲ្យគាត់បានស្គាល់កាន់តែច្បាស់ ពីអ្វីទៅជាកីឡាអាស៊ី ហើយមានប៉ុន្មានប្រភេទកីឡា និងវិញ្ញាសាចូលរួម? ក្នុងបរិបទកូវីដ ពិបាកក្នុងការរៀបចំ Fun Run បែបនេះ ដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ីរបស់យើងណាស់។ អ៊ីចឹង ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណ NOCC ដែលទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត OCA និងកម្មវិធី Fun Run នេះឡើង៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner