លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន៩៣រូប ។
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានដូចខាងក្រោម៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ អានជូនអង្គសភាដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦ អានជូនអង្គសភាដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។
៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖
- ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព
- ឯកឧត្តម នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព។
៤- ការបោះឆ្នោតជ្រើសតាំង៖ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ។ - លោកជំទាវ ស៊ុន សាភឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
អង្គសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ស៊ុន សាភឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដោយមានលទ្ធផលដូចតទៅ៖
- ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយទទួលបានសំឡេង ព្រម ចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- លោកជំទាវ ស៊ុន សាភឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដោយទទួលបានសំឡេង ព្រម ចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន
- សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា
- ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់
- ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់
- សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន ឯកឧត្តម សួស យ៉ារ៉ា
- អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ៩៦សំឡេង ៕ ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ