វិស័យឯកជន ជាក្បាលម៉ាស៊ីន រថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ថាវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយយើងកាន់តែមានលទ្ធភាពធ្វើការវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ដំឡើងបៀវត្សជូនមន្ត្រីរាជការ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោបានថ្លែងថា សម្តេចបានដឹកនាំធ្វើការកែទម្រង់ដោយផ្ទាល់ នៃសេដ្ឋកិច្ចរបស់កម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅសេដ្ឋកិច្ចទីផ្សារ ដែលនាំមកនូវការរីកចម្រើនរបស់វិស័យសេដ្ឋកិច្ចកម្ពុជាដូចសព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រយៈពេលជាង៣០ឆ្នាំមកនេះ ចាប់តាំងពីការធ្វើសេដ្ឋកិច្ចទីផ្សាររហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើសុក្រឹតកម្មសេដ្ឋកិច្ចទីផ្សារ ដែលមានន័យថា មកដល់បច្ចុប្បន្នកម្ពុជា មិនទាន់ដើរដល់ទីបញ្ចប់នៃការកែទម្រង់ ក្នុងវិស័យសេដ្ឋកិច្ចនៅឡើយទេ ដោយនៅខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner