កសិករពីររូប ចង់ពង្រីកការដាំដុះរបស់ខ្លួន ជាមួយនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ៖ខុសពីអ្វីដែលយើងតែងតែបានលឺអំពីទីផ្សារតូចចង្អៀតលើផលិតផលកសិកម្មក្នុងស្រុក កសិករ​ពីររូប បានអះអាងថាការដាំដុះរបស់ខ្លួនសព្វថ្ងៃ ផ្គត់ផ្គង់ទីផ្សារបានតិចតួចណាស់។ បានតិចតួចដោយហេតុថា ផលិផលកសិកម្មដែលខ្លួនប្រមូលបាន តែងតែត្រូវបានឈ្មួញទិញយកអស់ៗមិនដែលសល់ ហើយជារើយៗ ឈ្មួញសុំឱ្យកសិករបង្កើតការដាំដុះបន្ថែមទៀត។

ស្ថិតក្រោមគម្រោងរបស់ Aspire កសិករទាំងពីររូប ដែលមួយរូបរស់នៅក្នុងខេត្តក្រចេះ និងមួយរូបទៀតនៅខេត្តសៀមរាប បានបង្ហាញនូវសេចក្តីរីករាយក្នុងការបន្តការដាំដុះរបស់ខ្លួនឱ្យបានកាន់តែច្រើនថែមទៀត ព្រោះមានទីផ្សារលក់ចេញស្រាប់ៗ។ លើសពីនោះ តម្រូវការទីផ្សារនិងអ្វីដែលកសិករទាំងពីររូបផលិតបានគឺនៅមានគម្លាតឆ្ងាយ។

រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងចំណោមកសិករទាំងពីរខាងលើ លោក ឈាវ ហុង បានចាប់ផ្ដើមការដាំដុះរបស់ខ្លួនតាំងតែពីឆ្នាំ២០០០ មកម៉្លេះ។ ប៉ុន្តែកាលណោះលោកមិនទាន់មានចំណេះដឹងច្រើនលើវិធីដាំដុះ ក៏ដូចជាការថែទាំដំណាំនៅឡើយ។ ហេតុដូច្នេះហើយបានជាកាលណោះ លោកពិបាកក្នុងការស្វែងរកទីផ្សារលក់ដំណាំដែលប្រមូលបាន។

រហូតមកដល់ឆ្នាំ ២០១៧ ទើបលោកចាប់ផ្ដើមកែប្រែការដាំដុះទៅជាដំណាំសុវត្ថិភាព ក្រោមការណែនាំរបស់គម្រោង Aspire។ នៅលើដីទំហំប្រាំមួយហិកតា ។កសិកររូបនេះមិនត្រឹមតែដាំដុះដំណាំច្រើនមុខ ក៏ប៉ុន្តែលោកព្យាយាមបង្កើតតុល្យភាព និងការផ្គត់ផ្គង់គ្រប់ផ្នែកផងដែរ។ ជារួម លោកមានទាំងស្រះចិញ្ចឹមត្រី មានចិញ្ចឹមមាន់ និងមួយផ្នែកធំនៃដីផ្សេងទៀតសម្រាប់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

តាមរយៈសកម្មភាពវិលជុំនេះ លោកអាចរកចំណូលបានខ្ទង់រយលានរៀលក្នុងមួយឆ្នាំ ហើយលោកមានបំណងចង់ពង្រីកដីដាំដុះបន្ថែមទៀត។

លោក ឈាវ ហុងបាននិយាយថា៖ «កាលពីឆ្នាំ២០១៩ ចំណូលរៀងធ្លាក់បន្តិច ដោយបាន ៤០០លានរៀលក្នុងមួយឆ្នាំកើនឡើងបន្តិចក្នុងឆ្នាំ ២០២០-២០២១​ ដោយបាន៤៦០លានរៀល…តែសម្រាប់ឆ្នាំនេះកើនឡើងរហូតដល់ ៦៦០លាន»។

កសិកររូបនេះបន្ថែមថា៖ «ទីផ្សារផ្គត់ផ្គង់រាល់ថ្ងៃនេះ បានត្រឹមតែប្រមាណជា៤០%ប៉ុណ្ណោះ ឈ្មួញចេះតែសួររករហូត ដោយសារយើងផ្គត់ផ្គង់គេមិនគ្រប់! ដូច្នេះខ្ញុំមានគម្រោងនឹងពង្រីកដីឱ្យធំជាង ៦ហិចតារាល់ថ្ងៃនេះទៀត។»

មិនខុសគ្នាប៉ុន្មានពីកសិករខាងលើ កសិករ ប៉ុក វេង រស់នៅក្នុងខេត្តក្រចេះឯណោះវិញ ចាប់ផ្ដើមដោយការដាំដុះជាលក្ខណៈគ្រួសារ ក្រោយមកទើបពង្រីកដើម្បីលក់ទៅទីផ្សារ។ កសិករវ័យ ៥៦ឆ្នាំរូបនេះ ចាប់ផ្ដើមពង្រីកដីដាំដុះពី​ ៥អា ទៅ១០អានៅក្នុងឆ្នាំ ២០១៩ ក្រោមការណែនាំរបស់គម្រោង Aspire។ ក្រោយទទួលបានការជោគជ័យលើការដាំដុះ លោក ប៉ុក វេង បានផ្លាស់ប្ដូរ និងបន្ថែមដំណាំរបស់ខ្លួន ដែលមកទល់បច្ចុប្បន្ននេះ លោកពង្រីកដល់ ២០អា។

ការដាំដុះរបស់លោកមានការពិនិត្យស្តង់ដារត្រឹមត្រូវ ជាហេតុនាំឱ្យបន្លែរបស់លោកលក់អស់គ្មានសល់។ លោកបន្ថែមថា៖ «ពេលប្រមូលបាន ខ្ញុំលក់បន្លែទៅរីរួមខេត្តដោយមានឈ្មួញជាដៃគូទិញស្រាប់ ពេលខ្លះគេយកទៅផ្គត់ផ្គង់ដល់ខេត្តមណ្ឌលគិរីទៀតផង»។

លោកបន្ថែមថា៖ «ខ្ញុំចង់ពង្រីកដីដាំទៀត ព្រោះរាល់ថ្ងៃដីតូចពេក លក់ទៅមិនដែលគ្រប់តម្រូវការទីផ្សារ! គេចេះតែសួររកបន្ថែមរហូត»។

តាមរយៈដីដាំដុះ ២០អានេះ លោកទទួលបានចំនូលក្នុងមួយខែ ៨លានរៀល រាប់ទាំងបន្លែនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់។

ជារួមកសិករទាំងពីររូបខាងលើនេះ ជាគម្រូល្អមួយសម្រាប់កសិករដទៃទៀត ឱ្យងាកមកដាំដំណាំដែលមានគុណភាព និងត្រូវតាមស្តង់ដាររបស់ឈ្មួញក្នុងស្រុក បែបនេះទើបផលិតផលបានមកមានទីផ្សារលក់ទូលាយ។

គួររំលឹកថា កាលពីពេលថ្ងៃទី១ខែតុលាកន្លងទៅ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តរើចេញពីតំបន់អង្គរទៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ជាប្រវត្តិសាស្ត្រថា កសិករនៅតំបន់ថ្មី អាចដាំដុះ និងចិញ្ចឹមសត្វបានដោយអាចលក់នៅក្នុងស្រុកផ្ទាល់ពុំចាំបាច់នាំចេញឡើយ។

សម្ដេចតេជោបានជំរុញការដាំដុះ និងការចិញ្ចឹមសត្វដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ក្រោមទស្សនទានថា៖ «នាំចេញនៅនឹងកន្លែង» ដោយមិនចាំបាច់នាំចេញទៅក្រៅប្រទេសនោះទេ។ នេះក៏ជាឱកាសល្អផងដែរសម្រាប់កសិករនៅក្នុងស្រុក ដោយមានទីផ្សារលក់ស្រាប់ៗ៕

ដោយ៖ កែវ បុស្បា

ads banner