សាមស៊ុងបង្កើនសមត្ថភាពផលិតកម្មបន្ទះឈីបបីដងសម្រាប់ឆ្នាំ២០២៧ ខណៈតម្រូវការកើនឡើង
សេអ៊ូល៖នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនផលិតបន្ទះឈីប សាមស៊ុង អេឡិចត្រូនិក(Samsung Electronics) បានអះអាងថា ខ្លួនគ្រោងនឹងបង្កើនសមត្ថភាពផលិតបន្ទះឈីបកម្រិតខ្ពស់ លើសពីបីដង ត្រឹមឆ្នាំ២០២៧។ ការបង្កើនសមត្ថភាពផលិត ខណៈបន្ទះឈីបមានតម្រូវការខ្លាំង បើទោះបីជាសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងមានភាពតានតឹងក៏ដោយ។
រោងចក្រដ៏ធំបំផុតលំដាប់ទីពីររបស់ពិភពលោកផ្នែកផលិតបន្ទះឈីប បន្ទាប់ពីក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់TSMC កំពុងកំណត់គោលដៅទ្រង់ទ្រាយធំ ផលិតបន្ទះសៀគ្វីបច្ចេកវិទ្យាដែលមានទំហំដ៏តូចបំផុត។ បើតាមគោលដៅ គឺក្រុមហ៊ុនមានបំណងផលិតឈីប ២ណាណូម៉ែត្រ នៅឆ្នាំ២០២៥ និងបន្ទះឈីប ១,៤ណាណូម៉ែត្រ នៅឆ្នាំ២០២៧។ បន្ទះឈីបដ៏តូចទាំងនេះ នឹងត្រូវប្រើសម្រាប់ដំណើរការលើកុំព្យូទ័រ និងសម្រាប់បញ្ញាសិប្បនិម្មិត (AI)។
លោក មូនស៊ូ កាង(Moonsoo Kang) អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Samsung Electronics បាននិយាយថា “មានការវិវឌ្ឍខ្លះ (ក្នុងការដំឡើងតម្លៃ) នៅឆ្នាំនេះ ហើយតម្លៃក៏ត្រូវបានអនុវត្តតាមស្ថានភាពជាក់ស្តែង… ការបញ្ជាទិញថ្មី នឹងត្រូវបានធ្វើឡើងបន្ទាប់ពី ២ឬ៣ឆ្នាំក្រោយ ដូច្នេះផលប៉ះពាល់ដោយផ្ទាល់នៃទីផ្សារបច្ចុប្បន្ននឹងមានតិចតួច”។
ក្រុមហ៊ុន សាមស៊ុង បានចាប់ផ្តើមផលិតបន្ទះឈីបជាច្រើនជាមួយនឹងបច្ចេកវិទ្យា 3-nanometer នៅក្នុងខែមិថុនាកន្លងទៅ។ ក្រុមហ៊ុននេះ ក៏បានជួបជជែកជាមួយក្រុមហ៊ុន ដែលជាអតិថិជនរបស់ខ្លួនមួយចំនួនរួចមកហើយ ដែលក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Qualcomm ក្រុមហ៊ុនTesla និងក្រុមហ៊ុនAMDជាដើម។
សាមស៊ុង ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោកប្រឈមនឹងការលំបាក ដែលមិនអាចបំពេញចិត្តរបស់អតិថិជនទាក់ទងនឹងបច្ចេកវិទ្យាផលិតឈីបរបស់ខ្លួន។ អ្នកវិភាគ និយាយថាក្រុមហ៊ុននេះ បានជំរុញបច្ចេកវិទ្យាទំនើបរបស់ខ្លួនលឿនពេក ក្នុងគោលដៅប្រកួតប្រជែងជាមួយ TSMC របស់តៃវ៉ាន់។ ប៉ុន្តែបានទទួលរងមកវិញនូវផលលំបាក ដោយសារតែនៅមានបទពិសោធន៍តិចតួចក្នុងកិច្ចសហការរយៈពេលវែងជាមួយអតិថិជន។
សហនាយកក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង លោក Kyung Kye-hyun បានថ្លែងប្រាប់អ្នកកាសែតថា ក្រុមផលិតបន្ទះឈីបរបស់ Samsung មានការអភិវឌ្ឍយឺតយ៉ាវ ដើរមិនទាន់ក្រុមហ៊ុនតៃវ៉ាន់ ពោលគឺក្រុមហ៊ុន Samsung នៅផលិតបន្ទះឈីបដោយបច្ចេកវិទ្យា ៥-៦ណាណូម៉ែត្រនៅឡើយ ខណៈអតិថិជនចាប់អារម្មណ៍បច្ចេកវិទ្យាឈីប ៣ណាណូម៉ែត្រជំនាន់ទី២ ដែលនឹងត្រូវផលិតនៅឆ្នាំ២០២៣។
លោកបានកត់សម្គាល់ថា តម្រូវការសម្រាប់បន្ទះឈីបកម្រិតខ្ពស់ 5-nanometer កំពុងកើនឡើងយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ដោយសារតែការអភិវឌ្ឍខ្លាំងនៃម៉ាស៊ីនកុំព្យូទ័រ តម្រូវការសម្រាប់បញ្ញាសិប្បនិម្មិត រួមនឹងតម្រូវការនៅក្នុងបច្ចេកវិទ្យា 5G និង 6G និងសម្រាប់រថយន្តជាដើម។
លោកបានបន្តថា ឧស្សាហកម្មនេះ អាចនឹងជួបការលំបាក ដើម្បីបំពេញតម្រូវការទាំងនោះ បើទោះបីជាការវិនិយោគត្រូវបានធ្វើឡើងដូចការគ្រោងទុកក៏ដោយ៕ ដោយ៖ យ៉ាន អាន