រដ្ឋមន្ត្រីក្រសួងការងារ ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាព រៀបចំនូវ បទប្បញ្ញត្តិ ចាំបាច់ ដើម្បីឱ្យកម្ពុជាអាចឈានទៅលុបបំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត
(ភ្នំពេញ)៖ មានប្រសាសន៍លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិ ស្តីពី បច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុស នៅកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានជំរុញឱ្យក្រុមការងារ ពង្រីកវិសាលភាពបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹង ទាំងនេះទៅដល់និយោជក កម្មករនិយោជិត និងមហាជនបានដឹងជ្រួតជ្រាបអំពី ហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុសរៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុស នៅកម្ពុជា និងស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិ ចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាអាចឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត។
ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នារបស់អង្គការ អាហ្វីដា និងអង្គការILO/Japan តាមរយៈគម្រោងលើកកម្ពស់ ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងិស័យសំណង់ នៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ការដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចេញជាសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២នេះ បានចេញជារូបរាងឡើង សម្រាប់គ្រប់គ្រងធនធានព័ត៌មានស្តីពី សារធាតុអាសបេស្តុស នៅកម្ពុជា ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្ស ពិសេសកាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រមែ ប្រមូលផ្តល់ទិន្នន័យ ព័ត៌មាន និងរបាយការណ៍នានា ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះធ្វើការអង្កេតលើក្រុមហ៊ុនវិស័យសំណង់ដោយផ្ទាល់។
ឯកឧត្តម អ៊ិត សំហេង គូសបញ្ជាក់ថា អាសបេស្តុសគឺជាជាតិសរសៃដែលកើតឡើងពី រ៉ែធម្មជាតិដ៏រឹងមាំ និងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោក នៅក្នុងផលិតផលជាងបីពាន់មុខ ជាពិសេសនៅក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារទប់កំដៅ និងវាយនភណ្ឌមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅ នឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារ តែស្រូបសរសៃអាសបេស្តុសនេះ ដែលបង្កទៅជាជំងឺ រួមមាន៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក និងមហារីកអូវែ និងជំងឺមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀត ដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។ បើគិតត្រឹមឆ្នាំ២០២១ គឺមានចំនួន ៦៧ប្រទេស ហើយដែលបានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសគ្រីសូថាយ៍ ដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។
លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ ដល់រដា្ឋភិបាលកម្ពុជា ដែលបានសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត នូវសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២ ដែលបានដាក់ឲ្យផ្សព្វផ្សាយ និងប្រើប្រាស់ចាប់ពីថ្ងៃនេះទៅ។ នេះជាការខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងារ កសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្រងព័ត៌មាននេះ ដែលឲ្យអ្នកពាក់ព័ន្ធអាចធ្វើការកំណត់បាននូវអាទិភាព ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការប្រើប្រាស់នូវសារធាតុអាសបេសស្តុស នៅកន្លែងធ្វើការ។
ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លើកឡើងថា សារធាតុអាសបេស្តុសពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា បង្កឲ្យកើតមានជំងឺមហារីកសួត បំពង់កជាដើម តាមរយៈការប្រើប្រាស់របស់ របរផ្សេងៗដោយមិនដឹងខ្លួន។ ខណៈមនុស្សមួយចំនួនបានអះអាងថា ការប្រើប្រាស់សារធាតុនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ តែវាផ្ទុយស្រលះពីការគិត របស់ពួកគាត់ទៅវិញ។
ឯកឧត្តមអគ្គរាជទូតសង្ឃឹមថា តាមរយៈកម្មវិធីផ្សព្វផ្សាយក្នុងថ្ងៃនេះ នឹងជំរុញឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់និងស្វែងយល់សិក្សាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់នូវសារធាតុអាសបេស្តុសនេះ៕