ប្រមុខការពារជាតិអង់គ្លេស៖ទំនងជាមិនកើតឡើងទេ ដែលលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន
ឡុងដ៍៖ ទីភ្នាក់ងារសារព័ត៌មាន PA Media បានរាយការណ៍ក្នុង ពេល ថ្មីៗនេះថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ថ្លែងថា លោកមិនជឿថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។
លោក Wallace បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ពូទីន កាលពីដើមខែនេះ ដែលលោកបាននិយាយថា ទីក្រុងម៉ូស្គូនឹង ប្រើប្រាស់គ្រប់មធ្យោបាយ ប្រសិនបើបូរណភាពទឹកដីរបស់ប្រទេស រុស្ស៊ីត្រូវបានគំរាមកំហែង ថា ការរំពឹងទុករបស់លោក ពូទីន ដែលថា នឹងបាញ់គ្រាប់នុយក្លេអ៊ែរប្រឆាំងនឹងកងកម្លាំងរបស់អ៊ុយក្រែន គឺមិន ទំនងជាកើតឡើងនោះទេ។ ដោយលោក Wallace បានលើក ហេតុផល ថា ទោះបីជាគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីផ្តល់ការ ប្រើប្រាស់ អាវុធនុយក្លេអ៊ែរក្នុងករណីជាក់លាក់ក៏ដោយ ក៏ ទង្វើបែប នេះនឹងជំរុញឱ្យមានប្រតិកម្មខ្លាំងពីសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ូស្គូនៅឥណ្ឌា និងចិន។
គួរបញ្ជាក់ផងដែរថា បន្ថែមពីលើការអត្ថាធិប្បាយផ្ទាល់របស់លោក ពូទីន អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ក៏បា នព្រមាន ផងដែរថា ទីក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធណាក៏ដោយ ដែលខ្លួនមើលឃើញថាសមរម្យ ដើម្បីការពារព្រំដែន ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន។
បន្ថែមលើនេះ លោក មេដវេដេវ បានព្រមានផងដែរថា មីស៊ីលល្បឿនលឿនជាសំឡេង ប្រាកដ ណាស់ថា នឹងវាយប្រហារដល់គោលដៅនៅអឺរ៉ុប និងសហរដ្ឋ អាមេរិកយ៉ាងឆាប់រហ័ស ហើយថា លោកខាងលិច និងពលរដ្ឋ ណាតូត្រូវយល់ថា រុស្ស៊ីបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយគ្មាន ផ្លូវថយក្រោយវិញទេ៕
ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា