មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់បណ្ដាលឲ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមនិងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្រោយពីទឹកស្ទឹងសែនបន្ដហក់ឡើងយ៉ាងគំហុក បណ្ដាលឱ្យជន់លិចភូមិដ្ឋានផ្ទះសម្បែង និងផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ដ្រខេត្ត និងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ផ្ទះ សម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកនេះ។

ការចុះពិនិត្យ ផលប៉ះពាល់ នៃទឹកជំនន់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២២ នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្ដែងនូវ មនោសញ្ចេតនា ក្ដីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោក ស្ដាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្ករឡើងដោយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការលិចលង់ដល់ផលដំណាំ ផ្ទះសម្បែង និងបាត់បង់នូវទ្រព្យសម្បត្តិ បង្ករឱ្យរងផលប៉ះពាល់ដល់ជីវភាព និងការរស់នៅ ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ទន្ទឹមនេះដែរ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា លើសពីនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះ សត្វអសិរពិស និងកុំឱ្យមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយ យថាហេតុ។ បន្ថែមពីនេះនៅពេលមានហេតុការណ៍អាក្រក់ណាមួយកើតឡើង ត្រូវប្រញ៉ាប់ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយអន្ដរាគមន៍សង្គ្រោះឱ្យបានទាន់ពេលវេលា។

បើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថា ខេត្តព្រះវិហារ មានក្រុងស្រុកចំនួន០៧ ក្នុងចំណោមក្រុងស្រុកទាំង៨ លើកលែងតែស្រុកជាំក្សាន្ដ ដែលបាន ទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ដែលបានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន ៤២៦ខ្នងផ្ទះ ស្មើនិង ១,៩១៥គ្រួសារ លិចផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៦៣០ម៉ែត្រ ផ្លូវលំ ជនបទប្រវែង ១០,៦២៤ ម៉ែត្រ ក្នុងនោះខូចខាត ៤៥០ម៉ែត្រ និងស្ពាន០២កន្លែង បានរងការ ជន់លិច។

ដោយឡែកពាក់ព័ន្ធវិស័យកសិកម្ម បានរងផលប៉ះពាល់ដល់ស្រូវរដូវវស្សាជាង ៣,៤២១ ហិកតា ស្មើនិង ១,៦៨៧គ្រួសារ ក្នុងនោះផ្ទៃដីខូចខាតចំនួន ៥១៤ហិកតា, ដំណាំឧស្សាហកម្ម រងផលប៉ះពាល់ចំនួន ៦៣៩ហិកតា ស្មើនិង ៣០៥ហិកតា ក្នុងនោះខូចខាត ១៨២ហិកតា នេះ បើយោងតាមរបាយការណ៍ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះ វិហារ គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ៕ សួនលីណា

ads banner