ហុងកុង៖ មនុស្សប្រាំនាក់ ភាគច្រើនជាអនីតិជន ត្រូវបានកាត់ទោស ក្រោមច្បាប់សន្តិសុខជាតិ
ហុងកុង៖ អាជ្ញាធរហុងកុងនៅថ្ងៃសៅរ៍ទី៨ ខែតុលា ឆ្នាំ២០២២ បាន សម្រេចកាត់ទោសមនុស្ស៥នាក់ ក្រោមច្បាប់សន្តិសុខជាតិ។ ក្នុង ចំណោមអ្នកមនុស្សទាំង៥នាក់នោះ មានប្រាំនាក់ជាអនីតិជន ជាលើក ទី១ ដែលត្រូវបានតុលាការហុងកុងកាត់ទោសក្រោមច្បាប់ ដ៏ចម្រូងចម្រាស់មួយនេះ។ នៅហុងកុង នេះគឺជាការបើកទំព័រ មួយថ្មី ដែលច្បាប់សន្តិសុខជាតិធ្វើការកាត់ទោសអនីតិជនក្រោម ១៨ឆ្នាំ អោយជាប់ពន្ធនាគាររហូតដល់ទៅ៣ឆ្នាំ។
ក្មេងទាំងស្រីប្រុស៤នាក់នោះ មានអាយុចន្លោះពី១៥-១៨ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទ សមគំនិតញុះញង់ឱ្យមានការ បះបោរ ផ្តួលរបបគ្រប់គ្រងរដ្ឋ ដែលមានចែងនៅក្នុងច្បាប់ សន្តិសុខជាតិ ដែលចិនបានដាក់ឱ្យប្រើប្រាស់នៅទីក្រុងហុងកុង កាលពីពាក់កណ្តាលឆ្នាំ ២០២០។ ពួកគេត្រូវជាប់ឃុំ នៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលកែប្រែសម្រាប់ជនមានអាយុពី១៤-២០ឆ្នាំ។
សារនៃខ្លឹមសារញុះញង់របស់ក្រុមអនីតិជនទាំងនោះ មានលើក ឡើងពី បដិវត្តន៍បារាំងនិងអ៊ុយក្រែនជាឧទាហរណ៍ តាមរយៈ ការបះបោរប្រដាប់អាវុញដោយជោគជ័យ។ ក្រៅពីនេះដែរ បដាតវ៉ារបស់ពួកគេក៏មានសរសេរសម្រង់សម្តី ម៉ៅ សេទុង ស្តីពីបដិវត្តន៍ថា «ការកើតមានអំពើហិង្សា គឺស្តែងឱ្យឃើញ ពីសកម្មភាពនៃការផ្តួលរំលំរបបមួយថ្មី» (a violent act of one class overthrowing another)។ នេះ បើតាមអង្គហេតុ របស់ព្រះរាជអាជ្ញាមុនចេញសាលដីកា។
ក្រុមយុវជនជាប់ ពិរុទ្ធខាងលើ គឺជាក្រុមតស៊ូមតិទាមទារឯករាជ្យ ហុងកុងពីការគ្រប់គ្រងរបស់ចិនតូចមួយដែលតែងធ្វើការផ្សព្វផ្សាយអំពាវនាវឱ្យមានការងើបឡើងប្រឆាំងបះបោលផ្តួលរំលំរដ្ឋាភិបាលចិន នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram និង Facebook ក៏ដូចជានៅតាមស្តង់តាមទីសាធារណៈជាដើម។ បើតាមការឱ្យដឹងតាមរបស់ចៅក្រមតុលាការហុងកុង Kwok Wai-kin សកម្មភាពនោះជា «បដិវត្តន៍បង្ហូរឈាម» បង្កគ្រោះថ្នាក់ដល់ ជាតិ។
លោកចៅក្រមហុងកុង គូសបញ្ជាក់ថា អនីតិជនទាំងនោះបាន ប្រព្រឹត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាស់ តែយ៉ាងណាតុលាការហុងកុងបាន គិត គូអំពីការដាក់កម្រិតទោសទណ្ឌ ក្រោមទិដ្ឋភាពជាក់ស្តែង ថាពួកគេមិនទាន់ពេញវ័យឬគ្រប់អាយុ ទើបតុលាការសម្រេច បញ្ជូនទៅនៅមណ្ឌលកែប្រែ ជំនួសឱ្យការឃុំឃាំងនៅពន្ធធនាគារ។
ទន្ទឹមគ្នានេះដែរ តុលាការហុងកុងបានប្រកាសបើកការកាត់ទោស លើបទអំពើភេរវកម្មដាច់ដោយឡែកមួយលើសមាជិកដទៃទៀតនៃក្រុមគាំទ្រឯករាជ្យនេះ ដោយការចោទប្រកាន់ថា ព្យាយាមផលិត គ្រឿងផ្ទុះ និងមានផែនការបំផ្ទុះគ្រាប់បែកផងដែរ។ ជាសរុប មកដល់ពេលនេះមានរហូតដល់ ២១០ នាក់ត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្តិសុខជាតិនេះ ហើយក្នុងនោះ ១៣០ នាក់ត្រូវបាន ថ្កោលទោសជាផ្លូវការ។
គួរដឹងថា ជនឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិធ្ងន់ធ្ងរហុងកុង អាចនឹងត្រូវជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិត ឬយ៉ាងតិចបំផុត ១០ឆ្នាំ។ ជាងនេះទៅទៀត មាត្រា៤៦ បានអនុញ្ញាតឱ្យ តុលាការអាចសម្រេចកាត់ក្តីដោយបិទទ្វារ ចំពោះសំណុំរឿងណា ដែលអាចប៉ះពាល់ដល់ការណ៍សម្ងាត់រដ្ឋ។
ច្បាប់សន្តិសុខជាតិហុងកុងថ្មីសំដៅដាក់ទោសលើបទឧក្រិដ្ឋបួនយ៉ាង៖ សកម្មភាពវិទ្ធង្សនា អបគមន៍ ភេរវកម្ម និងឃុបឃិតជាមួយ កម្លាំង បរទេស ដែលនាំឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ បទឧក្រិដ្ឋចុងក្រោយនេះ ប៉េកាំងចែកទោសជាបីផ្នែកទៀត៖ ជាសំណុំរឿងស្មុគស្មាញនៃការជ្រៀតជ្រែករបស់បរទេស ជាសំណុំរឿងដ៏ធ្ងន់ធ្ងរ និងជាសំណុំរឿង ដែលគំរាមកំហែងធ្ងន់ធ្ងរ និងជាក់ស្តែង ដល់សន្តិសុខជាតិផ្ទាល់។
ការទៅស្នើសុំឱ្យបរទេសដាក់ទណ្ឌកម្មហុងកុង ឬចិន ពីសំណាក់ សកម្មជនប្រជាធិបតេយ្យហុងកុង នឹងត្រូវរាប់ចូលថាការប្រព្រឹត្តបទ ឧក្រិដ្ឋ ឃុបឃិតជាមួយបរទេសហើយ៕
ដោយ៖បណ្តូល ពេជ្រ / CPA